សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន មានខ្លឹមសារដូច្នេះថា៖

ក្នុងឱកាសសិរីមង្គលនៃថ្ងៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តម នាថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំ សូមសម្តែងនូវក្តីសោមនស្ស ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងជូនពរជ័យចំពោះ ឯកឧត្តម សូមមានសិរីមង្គល បវរមហាប្រសើរបំផុត ព្រមទាំងសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា និង ជន្មាយុយឺនយូរ។

ឯកឧត្តម បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ពុះពារឧបសគ្គគ្រប់បែបយ៉ាង សម្រេចបាននូវស្នាដៃជាច្រើនក្នុងបេសកកម្មការពារ និងថែរក្សាសន្តិភាព បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ជូនជាតិមាតុភូមិ និងតែងតែចូលរួមជាវិភាគទានជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយនូវរាល់បញ្ហាលំបាកៗចំពោះមុខ ជាពិសេសក្នុងកាលៈទេសៈ ប្រទេសកំពុងទទួលរងការឈ្លាពានទឹកដីពីកងទ័ពថៃ។

នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា នៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានសមប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕