ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានឱ្យដឹងថា បើសិនគ្រាន់មីនដែលភាគីថៃ យកមកតាំងបង្ហាញដល់គណៈប្រតិភូចំនួន ៣៣ប្រទេស និងដៃគូមួយចំនួនបានមើលឃើញជាក់ស្តែង ដែលភាគច្រើននៅមានសល់គន្លឹះ គឺជាមីនថ្មីដូចដែលមន្ត្រីជំនាញបញ្ជាក់ពិតមែន គឺថៃបានរំលោភអនុញ្ញាអូតាវ៉ាយ៉ាងធ្ងន់ធ្ងរ ដោយសារបានរក្សាទុកគ្រាប់មីនប្រឆាំងមនុស្សមិនបំផ្លាញចោល ក្រោយចូលជារដ្ឋភាគី។
ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ដូចនេះ នាឱកាសអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជា អំពីការដាក់មីនថ្មី និងជំហរកម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានឱ្យដឹងថា «ជាញឹកញាប់ភាគីថៃ តែងតែយកគ្រាប់មីនមកសម្តែង យកមកធ្វើជាល្ខោនដាក់តាំងតាមបំណងរបស់គាត់ ហើយបើមីនដែលគាត់យកមកតាំងយ៉ាងច្រើន មានចំនួន ៣០ ទៅ ៤០ នេះ ជាមីនថ្មីពិតមែន មានន័យថា ភាគីថៃរំលោភអនុញ្ញាអូតាវ៉ាទាំងស្រុង ក្នុងនាមជារដ្ឋភាគី ព្រោះអនុញ្ញាអូតាវ៉ា បានចែងច្បាស់ថា រដ្ឋភាគីត្រូវតែកម្ទេចបំផ្លាញចោលរាល់គ្រាន់មីនប្រឆាំងមនុស្ស ឫមីននៅក្នុងប្រទេសរបស់ខ្លួននៅពេលដែលក្លាយជារដ្ឋភាគី»។
ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ដែរថា កម្ពុជាបានចាប់ផ្តើមបំផ្លាញចោលនូវបណ្តាគ្រាប់មីនប្រឆាំងមនុស្ស នៅពេលដែលបានចូលជារដ្ឋភាគីរួចហើយ ដូចនេះបើភាគីថៃ បានលើកយកមីនមកបង្ហាញដល់គណៈប្រតិភូចំនួន ៣៣ប្រទេស និងដៃគូមួយចំនួន ដែលមន្ត្រីជំនាញកម្ពុជាបានបញ្ជាក់ថាជាមីនថ្មីមែននេះ គឺបានបញ្ជាក់ថា ប្រទេសថៃ ដែលជារដ្ឋភាគី កំពុងរំលោភនូវអនុញ្ញាអូតាវ៉ា យ៉ាងធ្ងន់ធ្ងរ ដោយបានរក្សាគ្រាប់បែកប្រឆាំងមនុស្សនៅក្នុងប្រទេសខ្លួន ដោយមិនបានបំផ្លាញចោល។
បើតាមឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងបញ្ជាក់ដែរថា គ្រាប់មីនដែលថៃយកមកតាំងបង្ហាញឱ្យគណៈប្រតិភូចំនួន ៣៣ប្រទេស និងដៃគូមួយចំនួនបានមើលនោះ ភាគច្រើននៅមានសល់គន្លឹះ ដែលនោះជាមីនថ្មី ព្រោះបើមីនយកចេញពីចំការមីននឹងកាច់គន្លឹះដើម្បីដាក់ឱ្យផ្ទុះហើយ ដែលនេះគឺនៅក្នុងលក្ខណបច្ចេកទេសបានបញ្ជាក់ច្បាស់ណាស់។
សូមបញ្ជាក់ដែរថា អនុសញ្ញាអូតាវ៉ា ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន គឺជាអនុសញ្ញារបស់អង្គការសហប្រជាជាតិ និងជាការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធដែលបង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ។ អនុសញ្ញាអូតាវ៉ា ត្រូវបានអនុម័តនៅទីក្រុងអូស្លូ ប្រទេសន័រវែស ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩៧ និងទទួលឱ្យមានការចុះហត្ថលេខា នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា នៅថ្ងៃទី៣ និង៤ ខែធ្នូ ឆ្នាំ១៩៩៧៕