ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ រីកចម្រើន ប្រកបដោយបរិយាបន្ន និងនិរន្តរភាព ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រាជរដ្ឋាភិបាល។
ការលើកឡើងបែបនេះរបស់ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ២,៧០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាង ក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូល មុខពីរចំនួន ២កន្លែង និងលូមូលមុខមួយចំនួន ៤កន្លែង ស្ថិតនៅភូមិពងទឹក ទៅភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង (គម្រោងលេខ DRR-NC-2025-No.035, 103030)។ អនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ប្រើប្រាស់ថវិកាជំពូក២១។
ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចបានបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយនៅក្នុងផ្ទៃប្រទេស ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅជំរុញអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ជុំវិញការអភិវឌ្ឍន៍ជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងការស្ថាបនាសំណង់សិល្បការ្យផ្សេងៗខាងលើនេះ គឺរាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន មានផ្លូវធ្វើដំណើរល្អ ផ្លូវធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់ប្រើប្រាស់យូរអង្វែង និងជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សា ភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជននានា។
បន្ថែមពីនេះឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងលើការងារស្ថាបនាផ្លូវនេះ និងបានសំណូមពរជំរុញការស្ថាបនាឱ្យបានចប់សព្វគ្រប់ទៅតាមគម្រោងរបស់ខ្លួន ជាផ្លូវប្រកបដោយគុណភាព ក្នុងនោះលោកក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការជំរុញអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវនៅ តាមជនបទ ដើម្បីសម្រួល និងកាត់បន្ថយនូវគម្លាតក្នុងការធ្វើដំណើរ ដោយមិនឱ្យប្រជាពលរដ្ឋពិបាក ឬគ្មានផ្លូវធ្វើដំណើរ ដូចទស្សវត្សមុនៗទៀតនោះឡើយ៕