សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានបន្តអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ ចំនួន៥៣គ្រួសារ ដែលបច្ចុប្បន្នជាអ្នករស់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់បងប្អូនទាំងអស់ ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនកងទ័ពគ្រប់ពលវេលា។
ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសសើរដល់វីរភាពរបស់កងទ័ពកម្ពុជា ដោយបានប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីយ៉ាងម៉ោះម៉ុត ក្នុងការតស៊ូប្រយុទ្ធប្តូរផ្តាច់ជាមួយកងទ័ពឈ្លានពាន។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើសុំឱ្យក្រុមគ្រួសារដែលនៅជួរក្រោយ ដែលជាភរិយា ឬម្តាយរបស់វីរកងទ័ពជួរមុខ ត្រូវថែទាំសុខភាពឱ្យបានល្អ រក្សាភាពនឹងនរ និងមានភាពជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន។ ព្រោះថាភរិយា ឬម្តាយ ក៏ជាតួអង្គដ៏សំខាន់ ក្នុងការជំរុញ និងលើកទឹកចិត្តដល់ ប្តី ឬកូន ដែលជាអ្នកឈរជើងនៅជួរមុខ នៃបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឱ្យមានកម្លាំងចិត្តបន្ថែមទៀត ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជាពីការឈ្លានពានរបស់សត្រូវ។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគល់ជូននូវសម្ភារប្រើប្រាស់មួយចំនួនដល់៥៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម សារ៉ុង ១ មី ១កេស ត្រីខ ១យួរ ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ប៊ីចេង ១កញ្ចប់ អំបិល ១កញ្ចប់ បាយក្តាំង ២កញ្ចប់ និងថវិកា ៣០ម៉ឹនរៀល ជូនដល់ក្រុមគ្រួសារជួរមុខរបស់យើងផងដែរ៕