អភិបាលខេត្តប៉ៃលិន ជំរុញឱ្យមន្ត្រីជំនាញ បន្តចុះត្រួតពិនិត្យ និងទប់ស្កាត់ សំណង់ខុសបច្ចេកទេស និងសង់រំលោភលើដីចំណីផ្លូវ


លើកឡើងក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព ការងារគ្រប់គ្រងសំណង់នានា ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់ សំណង់ខុសបច្ចេកទេស និងសង់រំលោភលើដីចំណីផ្លូវសាធារណៈទូទាំងខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានកំពុងពង្រឹងនូវយន្តការទាំងឡាយ ដែលទាក់ទងទៅនឹងច្បាប់សាងសង់ ដោយធ្វើយ៉ាងណា ឱ្យខេត្តមានសំណង់ប្រកបទៅដោយសុវត្ថិភាព សោភ័ណ្ឌភាព ព្រមទាំងបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែម ក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវទាំងអស់ ត្រូវរួមគ្នាគោរពច្បាប់ ហើយប្រសិនបើមានការសាងសង់ផ្ទះ ឬសាងសង់កន្លែងអាជីវកម្មផ្សេងៗ ត្រូវសុំច្បាប់សាងសង់ជាមុនសិន ជៀសវាងមានបញ្ហាប្រឈមមុខនានា ដូចជា សំណង់គ្មានច្បាប់អនុញ្ញាត សំណង់ខុសបច្ចេកទេស និងការសង់រំលោភលើដីចំណីផ្លូវតាមសាធារណៈ ដែលបណ្តាលឱ្យខាតពេលវេលា និងថវិកា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងផែនការអភិវឌ្ឍខេត្តប៉ៃលិន ជាដែនដីកែវមណីជាតិ នៃមាតុភូមិយើង ប្រកបដោយសុខដុមរមនា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព តាមចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០៤៥ រួមមាន ៥គោលដៅសំខាន់ៗគឺ៖ ១-កែលម្អរ និងអភិវឌ្ឍទីក្រុងកែវបៃតងទំនើប ប្រកបដោយសុខដុមរមនា, ២-ច្រកចេញ-ចូល អន្តរជាតិ និងភស្តុភាកម្មប្រចាំតំបន់, ៣-មជ្ឈមណ្ឌលផលិតកម្ម ឧហ្សាហកម្ម សេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍គ្រាប់ពេជ្របៃតង, ៤-រមណីយដ្ឋានគុជទេសចរណ៍ធម្មជាតិ និងកសិទេសចរណ៍, ៥-អភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាពនិងទាន់ពេលវេលា៕