លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីបច្ចុប្បន្នភាពនៃការកែច្នៃ និងការនាំចេញផលិតផលកសិផលកម្ពុជា និងស្នើសុំការគាំទ្របន្ថែម ពីក្រសួងពាណិជ្ជកម្មលើគម្រោងរបស់ក្រុមហ៊ុនក្នុងការពង្រីករោងចក្រកែច្នៃ និងការចុះអនុស្សារណៈនៃការយោគយល់គ្នាលើការទិញ-លក់ដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។
លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងពីរ ដែលបានចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបច្ចុប្បន្នភាពនៃដំណើរការផលិតកម្ម ការពង្រីករោងចក្រការប្រមូលទិញកសិផលផ្លែឈើ ក៏ដូចជាទិសដៅទីផ្សារសក្តានុពល ក្នុងនាំចេញផលិតផលកសិផល និងជាពិសេសដំណាប់ស្វាយ ចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផលខាងលើ ដែលនេះជាការចូលរួមចំណែកមួយជាមួយរដ្ឋាភិបាល ក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។
លោកជំទាវរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែម ពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ក៏ដូចជាចែករំលែកអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម ការលើកទឹកចិត្តនិងយន្តការគាំទ្រផ្សេងទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ សំដៅលើកកម្ពស់សមត្ថភាពក្នុងការផលិត និងកែច្នៃ និងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ សំដៅជំរុញការនាំចេញ បង្កើនចំណែកទីផ្សារ និងកិត្យានុភាពរបស់កម្ពុជាលើទីផ្សារអន្តរជាតិ៕