លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព និងនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារបរិក្ខាររបស់របរប្រើប្រាស់ និងថវិកាមួយចំនួនជូនក្រុមគ្រួសារសពវីរកងទ័ព អនុសេនីយ៍ត្រី ស៊ីថា រិទ្ធី អាយុ ២៧ឆ្នាំ យុទ្ធជននៃវរសេនាតូចអន្តរាគមន៍២៨២ កងពលអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលបានពលីកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ នៅសមរភូមិបុស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ពិធីនេះបានប្រារព្ធនៅគេហដ្ឋានគ្រួសារនៃសព ស្ថិតនៅភូមិ រាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង ដោយមានការចូលរួមអមដំណើរដោយលោក សរ សុពុត្រា អភិបាលខេត្ត ស្ទឹងត្រែង និងអង្គភាពអ្នកពាក់ព័ន្ធជាច្រើននាក់។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងទៅកាន់ក្រុមគ្រួសារយោធិនពលី អំពីវីរភាពនៃការលះបង់ និងបេសកកម្មក្នុងការការពារជាតិ និងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជាពិសេសមហាគ្រួសារខ្មែរដឹងគុណ និងចងចាំគុណូបការគ្មានថ្ងៃបំភ្លេចបានសម្រាប់ជាតិយើង។ សូមឱ្យវិញាណក្ខន្ធយោធិនពលី បានទៅកាន់ទីស្ងប់សុខ និងសុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។
ព្រមជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចារឹកទុកជាការចងចាំជារៀងរហូតសម្រាប់ជាតិ និងជាការដឹងគុណដល់វីរភាពមិនអាចកាត់ថ្លៃបានចំពោះការពលីលើសមរភូមិមុខក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងដែនអធិបតេយ្យភាពកម្ពុជា។
លើសពីនេះ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារយុទ្ធជនពលីដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរឡើង ក្រោយពីបាត់បង់បង្គោលគ្រួសារផងដែរ៕