ខេត្តកោះកុង៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានបន្ដដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអធិការកិច្ចខេត្តកោះកុង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីទស្សនវិស័យ វឌ្ឍនភាពនៃការពង្រឹងវិស័យអធិការកិច្ច យុទ្ធសាស្រ្តព៤ជ៤ និងវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនទានស្តីពីការរៀបចំច្បាប់ស្តីពីអធិការកិច្ចផងដែរ ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការចូលរួមពីមន្ទីរអធិការកិច្ចរាជធានី-ខេត្តទាំងអស់ដែលជាសេនាធិការអនុវត្តភារកិច្ចការងាររបស់ក្រសួង និងសមិទ្ធផលការងាររបស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ដែលបានខិតខំប្រឹងប្រែងកសាងសមិទ្ធផលជាច្រើន និងជាបន្ដបន្ទាប់អស់រយៈពេលជាង៤០ឆ្នាំ នៅក្នុងវិស័យអធិការកិច្ចនេះ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនមន្ត្រីរាជការទាំងអស់សូមមានជំនឿទុកចិត្តលើចំណាត់ការដ៏ច្បាស់លាស់ និងមោះមុតរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសូមបន្ដពង្រឹងសុខដុមនីយកម្មការងារក្នុងស្ថាប័នដើម្បីធានាបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុង ក្នុងគោលដៅពង្រឹងភាពថ្លៃថ្នូរ ក៏ដូចជាឧត្តមភាពស្ថាប័ន ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងអធិការកិច្ច៕