សម្តេចតេជោ ហ៊ុន សែន៖ ២ឆ្នាំនេះ គ្រប់គ្រាន់នឹងយល់បានពីការដឹកនាំ និងគ្រប់គ្រងបានល្អពីសំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មី លើគ្រប់វិស័យទាំងនៅក្នុងរាជរដ្ឋាភិបាលទាំងមូល


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហោះរូបថតសម្តេចពិភាក្សាជាមួយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន។

ជាមួយនឹងការបង្ហោះរូបភាពនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «រូបភាពនេះ៩០ភាគរយជាកិច្ចការរដ្ឋរវាងប្រមុខរដ្ឋស្តីទី ជាមួយនាយករដ្ឋមន្ត្រី។ ម្សិលមិញជាខួប២ឆ្នាំដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្ត្រីជំនួសដោយ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន (២២សីហា២០២៣ -២២សីហា២០២៥)»

សម្តេចបានបន្តថា៖ «២ឆ្នាំគ្រប់គ្រាន់នឹងយល់បានពីការដឹកនាំ និងគ្រប់គ្រងបានល្អពីសំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មី លើគ្រប់វិស័យទាំងនៅក្នុងរាជរដ្ឋាភិបាលទាំងមូល ទាំងនៅគ្រប់ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ»