លោក ប៉ែន បូណា៖ ការផ្សាយព័ត៌មានពីកងទ័ព ពីលេណដ្ឋាន សព្វាវុធ យុទ្ធោបករណ៍ ពីការសម្ងាត់កងទ័ព ឬព័ត៌មានដែលមានលក្ខខណៈបំបាក់ទឹកចិត្តកងទ័ព មិនត្រូវបានអនុញ្ញាតដាច់ខាត


ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការគ្រប់គ្រងព័ត៌មាន ពិសេសព័ត៌មានកងទ័ពជួរមុខ រឹតតែមានសារសំខាន់ថែមទៀត។ ការផ្សព្វផ្សាយព័ត៌មានពីកងទ័ព ពីលេណដ្ឋាន សព្វាវុធ យុទ្ធោបករណ៍ ពីការសម្ងាត់របស់កងទ័ព ឬព័ត៌មានដែលមានលក្ខខណៈបំបាក់ទឹកចិត្តកងទ័ព មិនត្រូវបានអនុញ្ញាតឱ្យផ្សាយដាច់ខាត ព្រោះព័ត៌មានទាំងនោះធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ។

បើតាមឯកឧត្តម ប៉ែន បូណា ប្រទេសណាក៏ដោយ មិនមែនកម្ពុជាយើងទេ ការសម្ងាត់យោធា សន្តិសុខជាតិនេះ គឺជារឿងដែលគេការពារម៉ត់ចត់ណាស់ មិនអនុញ្ញាតឱ្យផ្សាយនោះទេ។

ក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបានបញ្ជាក់ថា «ការផ្សាយព័ត៌មាន ពីទីតាំងឈរជើងរបស់កងទ័ព ពីលេណដ្ឋាន សព្វាវុធ យុទ្ធោបករណ៍ ពីការសម្ងាត់របស់កងទ័ព ឬព័ត៌មាន ដែលមឆនលក្ខណៈបំបាក់ទឹកចិត្តកងទ័ព មិនអនុញ្ញាតឲ្យផ្សាយជាដាច់ខាត ព្រោះព័ត៌មានទាំងនោះធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ»។

សូមជម្រាបថា ថ្មីៗនេះ ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រ សារ៉ា អិនស៊ីស៊ី ដេលី ដែលមានអាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បន្ទាប់ពីរាយការណ៍ព័ត៌មានបំភ្លៃពីសមរភូមិ៕