សភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងទាក់ទាញភ្ញៀវទេសចរអាម៉េរិកមកទស្សនានៅកម្ពុជា


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សំណូមពរនានា និងគំនិតផ្តួចផ្តើមនានាពីសមាជិកសមាគម ដើម្បីអភិវឌ្ឍទេសចរណ៍ បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយប្រសិទ្ធភាព នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះសមាគមដែលបានជឿជាក់ដ៏មុតមាំលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបោះទុនវិនិយោគជាបន្តបន្ទាប់របស់សមាជិកសមាគម និងគំនិតផ្តួចផ្តើមល្អៗ ដែលបានលើកឡើងដោយសមាគម។

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានជម្រាបជូនសមាគមពី វិធានការណ៍គន្លឹះបន្ទាន់ និងរយៈមធ្យមដែលបានរៀបចំសម្រាប់ឆ្លើយតបនឹងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ក្រសួងទេសចរណ៍ ចាត់ទុកសភាពាណិជ្ជកម្មអាម៉េរិកជាដៃគូសហការដ៏ល្អ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងការវិនិយោគវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចំរើន និងកើនឡើងបន្ថែមទៀត។

លោកប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តីថា សម្រាប់សមាគម និងរូបលោកផ្ទាល់ដែលបានរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាជាច្រើនឆ្នាំ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាអ្នកស្រលាញ់ និងឱ្យតម្លៃលើសុខសន្តិភាព ដូចដែលបានលឺកន្លងមកនូវពាក្យស្លោក «អរគុណសន្តិភាព» គ្រប់ទីកន្លែង ហើយកម្ពុជាបានអភិវឌ្ឍគ្រប់វិស័យ តាមរយៈកត្តាសុខសន្តិភាព។

ថ្លែងក្នុងកិច្ចពិភាក្សា លោកប្រធានសភាពាណិជ្ជកម្ម បានបេ្តជ្ញាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដល់ប្រជាជន និងវិនិយោគិនអាម៉េរិកឱ្យមកទស្សនា និងបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើង៕