សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ ផ្តល់ចង្ក្រាន្តសន្សំសំចៃថាមពលជូនដល់ពលរដ្ឋ ៧១៧គ្រួសារ ក្នុងឃុំបឹង ស្រុកបារាយណ៍


លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាអនុប្រធានកិត្តិយសគណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំ លោកជំទាវ មាណ ណាវី សមាជិកព្រឹទ្ធសភានិងលោកជំទាវ យស ថានារី សមាជិករដ្ឋសភា បានអញ្ជើញចែកចង្ក្រាន្តសន្សំសំចៃថាមពលជូនដល់ពលរដ្ឋ ៧១៧គ្រួសារ ក្នុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៥ នៅវត្តបឹងខាងត្បូង។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកស្រីតំណាងសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើន។

ក្នុងឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍កម្ពុជា ដែលតែងគិតគូរសុខទុក្ខ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសកន្លងមកសម្ដេចតែងតែជួយគាំទ្រដល់សកម្មភាពរបស់ស្ត្រីគ្រប់កាលៈទេសៈ។ ការចូលរួមប្រើប្រាស់ចង្រ្កានសន្សំសំចៃថាមពលរបស់ប្រជាពលរដ្ឋ ដេីម្បីចូលរួមចំណែកគាំទ្រការពារបរិស្ថាន ព្រមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ក្នុងការជួយកាត់បន្ថយថ្លៃចំណាយលើការប្រើប្រាស់អុស និងជួយបរិស្ថាន និងបង្កភាពងាយស្រួល សម្រាប់ ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

លោកជំទាវ បានបន្ថែមថា ដោយឃើញពីកត្តាសុខភាពរបស់ប្រជាពលរដ្ឋនេះហើយ បានជាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការណ៍ជាមួយក្រុមហ៊ុន អ៉ិនត្រាកូ មកពីប្រទេសវៀតណាម ផ្ដល់ចង្ក្រានសន្សំសំចៃថាមពលនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ ព្រមទាំងរួមចំណែកគាំទ្រការពារបរិស្ថាន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ។

លោកជំទាវ បន្តថា ចំពោះការផ្តល់ចង្ក្រាន្តសន្សំសំចៃថាមពលជូននាពេលនេះ គឺជាការរួមចំណែកមួយរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកជំទាវ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចង្ក្រាន្តសន្សំសំចៃថាមពលទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុន ហើយត្រូវបន្តថែរក្សាសុខភាព អនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតក្នុងរដូវវស្សានេះដើម្បីចៀសឆ្ងាយពីជម្ងឺឆ្លងផ្សេងៗ ហើយត្រូវជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ ព្រមទាំងណែនាំកូនចៅបងប្អូនឱ្យជៀសឲ្យឆ្ងាយពីគ្រឿងញៀនពិសេសត្រូវជំរុញកូនចៅឱ្យរៀនសូត្របានគ្រប់គ្នាបានខ្ពង់ខ្ពស់ដែលជាការរួមចំណែកក្នុងការកសាងមូលធនមនុស្សពិសេសចូលរួមរួបរួមសាមគ្គីភាពជាធ្លុងមួយ ជួយដល់រាជរដ្ឋាភិបាលជួយដល់កងទ័ពជួរមុខដើម្បីប្រយុទ្ធប្រឆាំងនិងចោរសៀមឈ្លានពានមករំលោភយកទឹកដីកម្ពុជាមួយមីលីម៉ែត្រឡើយ។

លោកជំទាវ ឃួន ឃុនឌី ថ្លែងអំណរគុណដល់អាជ្ញាធរដែនដីដែលបានចូលរួមជីវភាពលះបង់កម្លាំងកាយ កម្លាំងចិត្ត ទាំងថវិកា និងសម្ភារៈក្នុងការជួយដល់គ្រួសារកងទ័ពជួរមុខនិងពលករមកពីប្រទេសថៃដែលមានជីវភាពខ្វះខាត និងសូមបន្តជួយផ្គត់ផ្គង់ជាសម្ភារៈស្បៀងអាហារជាបន្តទៀត៕