ធនាគារ ARDB ស្នើម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញអង្ករ ជុំវិញខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ បន្តប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករបានកាន់តែច្រើន និងជាប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់ជីវភាពកសិករ


ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានស្នើម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញអង្ករ ជុំវិញខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ បន្តប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករបានកាន់តែច្រើន និង ជាប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់ជីវភាពកសិករ។

ឯកឧត្តមស្នើបែបនេះ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាដអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយតំណាងម្ចាស់រោងម៉ាស៊ីន និង ក្រុមហ៊ុននាំចេញអង្ករ ដែលបានអញ្ញើញ មកពី ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

គោលបំណងនៃកិច្ចជុំនេះគឺដើម្បីពិភាក្សា, ស្វែងរកដំណោះស្រាយ, ដាក់ទិសដៅ និងពិនិត្យតាមដានវាយតម្លៃ ដោយផ្តោតលើ៖

*១៖ អំពីស្ថានភាពតម្លៃស្រូវសើមដែលដឹកមកលក់ដល់រោងម៉ាស៊ីនមានការធ្លាក់ចុះក្នុងរដូវប្រមូលផលធំនេះដូចជាប្រភេទ OM ៥៤៥១/IR, សែនក្រអូប, ស្រូវស្រង៉ែ ធៀបនឹងឆ្នាំមុន

*២៖ អំពីបញ្ហាប្រឈម របស់រោងម៉ាស៊ីនកិនស្រូវ ក្នុង ស្ថានភាពភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវប្រមូលផលថ្មីមកដល់ និងបញ្ហាសន្ធិស្តុកស្រូវ-អង្ករ ដែលដក់សល់ពីឆ្នាំចាស់ ដែលមិនទាន់បានបញ្ចេញអស់

*៣៖ អំពីស្ថានភាពការនាំចេញអង្ករ ទៅទីផ្សារអន្តរជាតិ និងភាពមិនទាន់ច្បាស់លាស់ចំពោះការបញ្ជារទិញ អង្ករពីកម្ពុជា ពីទីផ្សារនៅអន្តរជាតិ

*៤៖ អំពី និន្នាការទីផ្សារអង្ករអន្តរជាតិ និង

*៥៖ អំពីបញ្ហាប្រឈមនានា ពាក់ព័ន្ធវិស័យស្រូវអង្ករ និងសំណូមពរនានា។

ក្នុងឱកាសនេះ ឯកឧត្តម ក៏បានសម្តែងនូវចំណាប់អារម្មណ៍ថា ភាពជា ដៃគូររវាងកសិករ និង រោងម៉ាស៊ីន កិនស្រូវគឺមិនអាចខ្វះបាន ពីព្រោះ ភាពជោគជ័យរបស់កសិករ ក៏ជាភាពជោគយូរអង្វែងរបស់រោងម៉ាស៊ីនផងដែរ។

បន្ថែមលើនេះ ឯកឧត្តម បន្តជំរុញឲ្យរោងម៉ាស៊ីនកិនស្រូវទាំងអស់ប្រើប្រាស់ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលទទួលពីរាជរដ្ឋាភិបាល តាមរយៈ ធនាគារ ARDB ឲ្យបាន ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ហើយ ក្នុងករណីម្ចាស់រោងម៉ាស៊ីន មានតម្រូវការឥណទានបន្ថែមសម្រាប់ទិញស្រូវ អាចធ្វើការទំនាក់ទំនង មក ធនាគារ ARDB ។

ឯកឧត្តមបណ្ឌិត បានសូមសំណូមពរដល់ម្ចាស់រោងម៉ាស៊ីនបន្តប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករបានកាន់តែច្រើន និង ជាប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់ជីវភាពកសិករយើង៕