អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គោលជំហរសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរមួយច្បាស់លាស់ ​ដាច់ខាត និងឥតប្រែប្រួល, សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាទៅហើយ


អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គោលជំហរសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរមួយច្បាស់លាស់ ​ដាច់ខាត និងឥតប្រែប្រួល និងបានអះអាងជាថ្មីម្តងទៀតថា សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាទៅហើយ។

ថ្លែងក្នុងសន្និសីទកាសែត នៅល្ងាចថ្ងៃទី២៤ ខែសីហានេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាទៅហើយ ហេតុអ្វី ពីព្រោះសម្តេចតេជោ ហ៊ុន សែន គឺជាបិតាស្ថាបនិក និងប្រតិបត្តិករសន្តិភាព ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បិទបញ្ចប់នូវសង្គ្រាមស៊ីវិល ដែលបានអូសអន្លាយជិត៣ទសវត្ស ហើយនូវមកនូវសន្តិភាពពេញលេញ និងនាំមកនូវការបង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិ ដែលមិនធ្លាប់មានពីមុន។

ឯកឧត្តមបានបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺជាអ្នកឈរការពារសន្តិភាព និងសមិទ្ធផលទាំងឡាយ ដែលជាស្នាដៃរបស់សម្តេចតេជោ ហើយបន្តអភិវឌ្ឍប្រទេស នៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីបទឈប់បាញ់ និងបានបង្ហាញឆន្ទៈអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរពបទឈប់បាញ់ ដែលកំពុងអនុវត្តពេលនេះ ប្រកបដោយការអត់ធ្មត់ខ្ពស់បំផុត កម្ពុជាបានគាំទ្រពេញទំហឹងនូវការចូលរួមពីអ្នកសង្កេតការណ៍អន្តរជាតិជាពិសេស ក្រុមអ្នកសង្កេតការអាស៊ាន ដូចដែលមាននៅក្នុងកិច្ចព្រមព្រៀង១៣ចំណុច GBC កម្ពុជា-ថៃ។

ឯកឧត្តមបានបន្តថា សន្តិភាពនៅតែជាអត្តសញ្ញាណរបស់កម្ពុជាជារៀងដរាបទៅមុខទៀតដោយឥតប្រែប្រួល ទោះបីជាមជ្ឈដ្ឋានខ្លះបានបំភ្លៃដែលមានចេតនាធ្វើឱ្យស្រអាប់ដល់ជំហរសន្តិភាពកម្ពុជាក៏ដោយ ក៏សន្តិភាព នៅតែជាជំហរភ្លឺចញ្ចាំងចញ្ចាចនៅក្នុងបេះដូងរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជារៀងដរាប។