ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពុទ្ធបរិស័ទគ្រប់ទិសទីបានធ្វើបុណ្យសលាកភត្តប្រគេនព្រះសង្ឃចំនួន ២០០អង្គ និងបង្សុកូលឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធ វីរកងទ័ព គ្រប់រូបដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងឧទ្ទិសមហាកុសលដល់បុព្វការីជន មាតា បិតា ជីដូន ជីតា ព្រមទាំងញាតិគ្រប់សន្តានក្នុងសង្សារវដ្ត នៅថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ នៅវត្តមុនីរតនារាម ហៅវត្តមករខាងជើង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្នុងពិធីដ៏មានអត្ថន័យនេះ ព្រះសង្ឃបានសូត្រធម៌ បង្សុកូល៧ចប់ ដើម្បីឧទ្ទិសកុសលដល់វីរកងទ័ពដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។ ក្នុងនោះប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ បានសម្តែងនូវការសោកស្តាយយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ជីវិតរបស់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នា រវាងកងកម្លាំងការពាព្រំដែនកម្ពុជា-ថៃ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត រួមជាមួយប្រជាពុទ្ធបរិស័ទក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាតែងតែប្រាថ្នាចង់បាននូវសន្តិភាព មិនចង់ឈ្លានពានប្រទេសណាមួយឡើយ ហើយក៏មិនអនុញ្ញាតឲ្យបរទេសណាមកឈ្លានពានលើទឹកដីរបស់ខ្លួនសូម្បីតែមួយមីលីម៉ែត្រផងដែរ។
ការរៀបចំពិធីបុណ្យនេះ គឺជាការបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងគុណូបការៈដ៏ធំធេងរបស់កងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិ និងប្រជាជនកម្ពុជាឱ្យមានសុខសន្តិភាព៕