ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនវរសេនីយ៍ត្រី ព្រៀប ចំរើន នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ២១៤ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាំយកថវិកាគោលនយោបាយឧបត្ថម្ភ និងសារលិខិតរំលែកទុក្ខ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនដល់ក្រុមគ្រួសារសព វរសេនីយ៍ឯក ព្រៀប ចំរើន ជាយោធិន នៃកងពលតូចថ្មើរជើងលេខ២១ យោធភូមិភាគទី២ កងទ័ពជើងគោក ដែលបានទទួលមរណភាពនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥៣ឆ្នាំ ដោយរោគាពាធ ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន។

ជាមួយការចូលរួមសម្តែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសព ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងសេចក្តីអាណិតអាសូរដោយស្មោះអស់ពីដួងចិត្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាមួយភរិយានៃសព ព្រមទាំងក្រុមគ្រួសារសព និងឧទ្ទិសកុសលជូនដល់សពវរយុទ្ធជន វរសេនីយ៍ត្រីព្រៀប ចំរើន សូមបានទៅ សោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕