មន្ដ្រីជាន់ខ្ពស់ ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ដ និងមូលដ្ឋានសុខាភិបាល ត្រូវធ្វើការជាក្រុមក្នុងការថែទាំអ្នកជំងឺឱ្យបានល្អ ពិសេសការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប


លោកជំទាវសាស្ដ្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ដ ថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាល និងអង្គសិក្ខាម ដែលបានបញ្ចប់ក្នុងវគ្គបណ្ដុះបណ្ដាល គ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) ត្រូវយកចំណេះដឹងថ្មី ទៅអនុវត្ដឱ្យបានល្អក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ពិសេសការធ្វើការងារជាក្រុម ដើម្បីឱ្យការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប អាចរកឃើញបញ្ហាប្រឈម និងសង្គ្រោះទាន់ពេលវេលា។

ការថ្លែងបែបនេះរបស់លោកជំទាវសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប សម្រាប់មន្ទីរពេទ្យថ្នាក់ខេត្តចំនួន៥ ដែលបានរៀបចំដោយក្រសួងសុខាភិបាល តាមរយៈមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យថ្នាក់ជាតិ ដែលគាំទ្រថវិកា និងបច្ចេកទេសដោយ UNFPA និង រដ្ឋាភិបាលអូស្រ្តាលី ដែលមានរយៈពេល៥ថ្ងៃទី២៥ ដល់២៩ ខែសីហា ឆ្នាំ២០២៥។

លោកជំទាវសាស្ដ្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានថ្លែងបន្ដថា «តាមរយៈការបណ្ដុះបណ្ដាលនេះ នឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត លើការងារគន្លឹះលើការមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប មានសមត្ថភាពក្នុងការកំណត់រឹសគល់មូលហេតុនៃការស្លាប់ និងមូលហេតុប្រយោលផ្សេងទៀត ដែលចូលរួមក្នុងមរណភាពមាតា និងទារក និងចេះរៀបចំផែនការឆ្លើយតប ជាគន្លឹះសំខាន់ក្នុងការពិនិត្យរមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប ។មិនតែប៉ុណ្ណោះបានទទួលចំណេះដឹងពីគ្រូបង្គោលនេះ សូមយកទៅបណ្ដុះបណ្ដាលបន្ដដល់សហភាតរៈរបស់ខ្លួននៅតាមមន្ទីរពេទ្យ»

ទន្ទឹមនឹងនោះលោកស្រីបានផ្ដល់អនុសាសន៍ផ្ដំាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ដ ថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាល និងអង្គសិក្ខាមដែលបានបញ្ចប់ក្នុងវគ្គបណ្ដុះបណ្ដាលខាងលើនេះថា៖

១៖ ត្រូវចាប់ផ្ដើមរៀបចំគណៈកម្មការ MPDSR ថ្នាក់ខេត្ដ ថ្នាក់មន្ទីរពេទ្យខេត្ដ ឬថ្នាក់មន្ទីរពេទ្យស្រុកឱ្យបាន ដោយអនុលោមតាមការណែនាំតាមពិធីសារជាតិស្ដីពីមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ២០២៥ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែកក្កដាកន្លងទៅនេះ

២៖ ត្រូវយកចិត្ដទុកដាក់ ដោយយកចំណេះដឹងទាំងនេះ ដើម្បីជួយបណ្ដុះបណ្ដាលបន្ដទៅបុគ្គលិកនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន

៣៖ ពង្រឹងការពិនិត្យរាល់ករណីមរណភាពមាតា និងទារក ដោយប្រើទម្រង់ទាំង៣ដែលបានកំណត់ជូន

៤៖ គណៈកម្មការថ្នាក់ខេត្ដ មានភារៈកិច្ចក្នុងការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប សម្រាប់មូលដ្ឋានសុខាភិបាល ក្នុងតំបន់គ្របដណ្ដប់របស់ខ្លួន

៥៖ ត្រូវមានកិច្ចសហការគ្នាឱ្យបានល្អ រវាងផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីវិភាគករណីនីមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ

៦៖ សម្រាប់គ្រូបង្គោល MPDSR ថ្នាក់ជាតិ ត្រូវបន្ដបណ្ដុះបណ្ដាលគណៈកម្មាធិការពិនិត្យមរណភាពមាតា និងទារក និងជួយគំាទ្រដល់គ្រូបង្គោលថ្នាក់ខេត្ដ និងថ្នាក់ជាតិ ក្នុងការជួយបណ្ដុះបណ្ដាលដល់មន្ទីរពេទ្យខេត្ដសម្ព័ន្ធមេត្រី

៧៖ ត្រូវពង្រឹងគុណភាព ANC ដោយត្រូវខិតខំកំណត់ឱ្យបាននូវកត្កាប្រឈមរបស់ស្ដ្រី ដើម្បីផ្ដល់ការថែទាំ និងបញ្ជូនស្ដ្រីមានបញ្ហាទៅមន្ទីរពេទ្យប្រកបដោយសុវត្ថិភាព

លោកជំទាវសាស្ដ្រាចារ្យបានបញ្ជាក់ទៀតថា យន្ដការ MPDSR ជាយន្ដការមួយថ្មី ហើយជាយន្ដការដែលថ្នាក់ដឹកនាំទាំងអស់គ្នាមានការយកចិត្ដទុកដាក់ជាខ្លាំង ព្រោះថាដើម្បីឱ្យអត្រាមរណភាពមាតា និងទារកថយចុះ គឺអាស្រ័យលើយើងទាំងអស់គ្នាធ្វើការងារជាក្រុមទាំងក្នុងការថែទាំ មិនមែនធ្វើតែម្នាក់បាននោះទេ៕