ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សក្រសួងស្ថាប័ន ប្រចាំឆមាសទី១ ឆ្នាំ២០២៥


នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៨៖៣០នាទីព្រឹក ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំកិច្ចប្រជុំជាមួយយុវជនគណបក្សក្រសួង ស្ថាប័ន (ក្រុមក្រសួង ស្ថាប័នទី១) ដើម្បីពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល ដោយអញ្ជើញចូលរួមពីអនុប្រធានផ្នែកក្រសួង-ស្ថាប័ន, ប្រធាន អនុប្រធានប្រចាំការ និងតំណាងប្រធានយុវជនគណបក្សក្រសួង ស្ថាប័ន ព្រមទាំងជំនួយការផ្នែកសរុប៣៧រូប។

បន្ទាប់ពីការគោរពវិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី ពីការឈ្លានពានដោយកងទ័ពថៃ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ជូនអង្គប្រជុំអំពីគោលបំណងនៃកិច្ចប្រជុំ គឺឆ្លើយតបនឹងស្មារតីកិច្ចប្រជុំពិភាក្សា រវាងផ្នែកក្រសួង-ស្ថាប័ន និងយុវជនគណបក្សក្រសួង ស្ថាប័ន នាពេលកន្លងទៅ និងចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល។

បន្ថែមលើនេះ ឯកឧត្តម បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៣ យើងបានសម្របសម្រួលរៀបចំកិច្ចប្រជុំនេះ ៣ ទៅ៤ដង ដែលពីមុនយើងមានតែយុវជនគណបក្សក្រសួង ស្ថាប័នចំនួន៤១ នាពេលបច្ចុប្បន្នគឺយើងមាន ចំនួនរហូតដល់៤៣ក្រសួង ស្ថាប័ន ដោយបែងចែកជា ៣ក្រុម ដឹកនាំដោយប្រធានក្រុមទាំង៣ ដែលជាអនុប្រធានផ្នែកក្រសួង ស្ថាប័ន នៃ​យុវជនគណបក្សថ្នាក់កណ្តាល។

អង្គប្រជុំបានស្តាប់ដោយយកចិត្តទុកដាក់ចំពោះរបាយការណ៍សង្ខេបរបស់ ឯកឧត្តម ណុប រ័ត្ន​និមល អនុប្រធានផ្នែក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមក្រសួង-ស្ថាប័នទី១ ស្តីពីវឌ្ឍនភាពការងាររបស់ ក្រុមទទួលបន្ទុកក្រសួង-ស្ថាប័នទី១ ផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល ឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត ព្រមទាំងការលើកឡើងពីចំណុចខ្វះខាតនិងសំណូមពរមួយចំនួនជូនអង្គប្រជុំពិនិត្យ ពិភាក្សា និងមានមតិចូលរួម ដើម្បីចូលរួមដោះស្រាយឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

បន្ទាប់មកមានមតិយោបល់ចូលរួមយ៉ាងផុសផុលពីសំណាក់ ប្រធាន អនុប្រធានប្រចាំការ និងតំណាងប្រធានយុវជនគណបក្សក្រសួង ស្ថាប័ន ឯកឧត្តម ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង-ស្ថាប័ន បានថ្លែងការកោតសរសើរ​ចំពោះយុវជនគណបក្សក្រសួង ស្ថាប័ន ដែលតែងសហការ និងចូលរួមជាមួយផ្នែកជាបន្តបន្ទាប់ និងលើកទឹកចិត្តដល់យុវជនគណបក្សក្រសួង ស្ថាប័ន បន្តយកចិត្តទុកដាក់លើការងារអាទិភាពរួមមាន៖ បន្តរៀបចំរចនាសម័្ពន្ធ អង្គការចាត់តាំងយុវជនគណបក្សឱ្យរឹងមាំ, ធ្វើបច្ចុប្បន្នភាពសមាជិក សមាជិកាបក្ស និងរៀបចំវគ្គបណ្តះបណ្តាល, ចូលរួមប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យសមាជិកបក្ស, បន្តជំរុញការងារបណ្តាញផ្សព្វផ្សាយសង្គម, បន្តផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួង ស្ថាប័ន នៅលើបណ្តាញសង្គម, និងបន្តការងារយុវជនគណបក្សបន្ថែមទៀត និងកែសម្រួលអ្វីដែលនៅខ្វះចន្លោះ៕