ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា អរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្ររាជរដ្ឋាភិបាល និងចូលរួមថែរក្សាសុខសន្តិភាព


លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលបានគាំទ្ររាជរដ្ឋាភិបាល និងចូលរួមថែរក្សាសុខសន្តិភាព។

លោកជំទាវ មាន សំអាន បានថ្លែងក្នុងពិធីចែកចង្ក្រាន្តសន្សំសំចៃថាមពលជូនដល់ពលរដ្ឋ៧០៦គ្រួសារ ក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងបរិវេណសាលាស្រុកស្ទោង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

លោកជំទាវ មាន សំអាន បានផ្តាំផ្ញើសួសុខទុក្ខ នឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលលោកតែងគិតគូរសុខទុក្ខ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសកន្លងមកសម្ដេចតែងតែជួយគាំទ្រ ដល់សកម្មភាពរបស់ស្ត្រីគ្រប់កាលៈទេសៈ។

លោកជំទាវ បានបន្តថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការបង្រួបបង្រួមជាតិ ហើយសន្តិភាពបានបង្កលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍជាតិ ហើយសន្តិភាព គឺជាឱសថទិព្វសម្រាប់មនុស្សគ្រប់រូប និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាពនេះឱ្យនៅគង់វង្ស។

លោកជំទាវបន្ថែមថា សមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនដល់ប្រជាពលរដ្ឋ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្ពាន និងផ្លូវថ្នល់ខ្វាត់ខ្វែង ដែលជាបណ្តាញតភ្ជាប់សម្រាប់ការដឹកជញ្ជូន និងធ្វើឱ្យជីវិតរស់នៅ របស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។ សុខសន្តិភាពបានធ្វើឱ្យជីវភាពរស់នៅល្អប្រសើរ និងកំពុងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៅតាមគ្រួសារនីមួយៗ នៅទូទាំងប្រទេសបានជួបជុំកម្សាន្តសប្បាយរីករាយ និងចែករំលែកការសប្បាយ ដោយបានជួបជុំគ្នា ដើម្បីចែករំលែកស្នាមញញឹម និងសេចក្តីស្រឡាញ់។

លោកជំទាវ បានគូសបញ្ជាក់ថា ការចែកចង្ក្រានសន្សំសំចៃថាមពល ជាអំណោយក្រុមហ៊ុន SIPCO ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីឱ្យយើងទាំងអស់គ្នាចូលរួមសន្សំសំចៃថាមពល និងការការពារបរិស្ថាន រួមចំណែកការពារសុខមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមចំណែកក្នុងការកាត់បន្ថយនូវការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ។ ព្រមទាំងសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានការជឿជាក់ មុតមាំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមថែរក្សាសុខសន្តិភាព ការពារបូរណភាពទឹកដី ដើម្បីបន្តជំរុញពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ៕