សម្តេចនាយករដ្ឋមន្រ្តី៖ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់អោយបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់


នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ និងគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ព្រមទាំងចង់អោយបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់។

សំណេររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមបានរៀបរាប់យ៉ាងដូច្នេះថា៖

ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរកម្ពុជា-ចិន។

ឯកឧត្តមប្រធានាធិបតី ផ្តល់សារៈសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំ។ ចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។

ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់អោយបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់។