(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបន្តដឹកនាំគណៈប្រតិភូមន្ទីរ អង្គភាពជុំវិញខេត្តចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវអំណោយ របស់សប្បុរសជននានា ដែលបានឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត ដើម្បីផ្តល់ជូនដល់កងកម្លាំងកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានគិតគូរយកចិត្តទុក ដាក់ឧបត្ថម្ភគាំទ្រ និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងទ័ពកម្ពុជា ពុំឱ្យមានការខ្វះខាតនោះឡើយ។
ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា អំណោយរបស់សប្បុរសជននាពេលនេះ គឺជាការជួយគាំទ្រដល់កងកម្លាំងជួរមុខក្រោមស្មារតីស្នេហាជាតិ និងការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយជួយសមរភូមិជួរមុខ។
ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗសម្រាប់ចូលរួមទ្រទ្រង់ដល់បងប្អូនប្រជាពលករខ្មែរ ត្រឡប់ពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងជួរមុខ ដែលជាការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរកងទ័ព ជួរមុខរបស់ប្រទេសកម្ពុជាយើង។
ឯកឧត្តមអភិបាលខេត្ត បានប្ដេជ្ញាបន្តកៀរគរប្រមូលជំនួយ ដើម្បីបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀតដល់កងកម្លាំងជួរមុខមិនឱ្យជួបបញ្ហាខ្វះខាតឡើយ។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា នឹងនៅតែបន្តនាំយកអំណោយរបស់សប្បុរសជននានា ជាបន្តបន្ទាប់ទៀតមកផ្តល់ជូនជានិច្ច ដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខមិនឱ្យខ្វះខាតឡើយដើម្បីជាការលើកទឹកចិត្តក្នុងការឈរជើងការពារបូរណភាពទឹកដី ។
ឯកឧត្តមក៏បានជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានផ្ដល់ការយកចិត្តទុកដាក់លើក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ប្រសិនបើជួបការខ្វះខាត ត្រូវជួយឧបត្ថម្ភដល់ពួកគាត់មិនឱ្យខ្វះខាតឡើយ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ចំពោះការលះបង់ តស៊ូក្នុងការការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន ឈរជើងការពារយ៉ាងរឹងមាំនៅតាមខ្សែរបន្ទាត់ព្រំដែន៕