(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខត្តកំពង់ចាម បានថ្លែងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាយន្តការអន្តរក្រសួង ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើវគ្គបណ្តុះបណ្ដាលស្ដីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋន សម្រាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលវគ្គបណ្តុះបណ្ដាលនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម រាជ សុភន្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន(ក.រ.ម)។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបទៅដោយទស្សនវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបន្ត ចាត់តាំងក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីផ្សារភ្ជាប់ជិតស្និទ្ធរួមសុខទុក្ខ ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាទូទាំងប្រទេស និងបំផុសចលនាចូលរួមអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាព និងវិធានការនានារបស់រាជរដ្ឋាភិបាល សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យបានឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាយន្តការអន្តរក្រសួងស្ថាប័ន ដែលមានសមាសភាពជាសមាជិក សមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីគ្រប់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ រួមសហការគ្នាចុះទៅបំពេញការងារលើគ្រប់វិស័យនៅតាមមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម រាជ សុភន្ទ បានបញ្ជាក់ផងដែរថា ប្រវត្តិនៃការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺត្រូវបានបង្កើតចាប់តាំងពីឆ្នាំ ១៩៧៩ មកម៉្លេះ គ្រាន់តែឈ្មោះតាមដំណាក់កាលនីមួយៗ ប្រែប្រួលទៅតាមកាលៈទេសៈ។
ក្នុងដំណាក់កាលនេះរាជរដ្ឋាភិបាល បានបន្តចាត់តាំងក្រុមការងារចុះមូលដ្ឋាន ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា បំផុសចលនាឲ្យមានការចូល ការគាំទ្រពីប្រជាពលរដ្ឋ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ឆ្លងតាមការចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្រុមការងារបានពិគ្រោះយោបល់ សំណើរសំណូមពរនានា របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ដើម្បីចាត់វិធានការដោះស្រាយ ឆ្លើយតបសំណូមពរនិងសេចក្តីត្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋ តាមមូលដ្ឋាននីមួយៗ៕