អភិបាលខេត្តកំពង់ចាម ចុះពិនិត្យសម្ភារ និងសំណេះសំណាលជាមួយកម្លាំងនគរបាលពន្លត់អគ្គីភ័យ


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានចុះពិនិត្យសម្ភារ មធ្យោបាយ និងសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងមានសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋ។

បើតាមមន្ត្រីនគរបាល នៃការិយាល័យនគរបាលពន្លត់អគ្គីភ័យ បានឱ្យដឹងថា រយៈពេល៩ ខែដើមឆ្នាំនេះ ករណីអគ្គិភ័យបានឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋ ទ្រង់ទ្រាយមធ្យម មាន៤ករណី ស្ថិតក្នុងក្រុងកំពង់ចាម និងលក្ខណៈតូចតាច កើតឡើងតាមបណ្តាស្រុក ប៉ុន្តែគ្រប់ករណី គឺស្ថិតក្រោមការគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អពីសមត្ថកិច្ច។

ដូច្នេះជាការលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានបំពេញការងារជូនប្រជាពលរដ្ឋបានល្អប្រសើ ស្របតាមការចង់បានរបស់ប្រមុខថ្នាក់ដឹកនាំឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានយកឱកាសនោះ ថ្លែងការកោតសរសើរ និងនាំយកថវិកាឧបត្ថម្ភរបស់រដ្ឋបាលខេត្ត ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រួមនឹងបានបំពេញនូវការខ្វះខាតសម្ភារ បរិក្ខារ សម្រាប់ប្រើប្រាស់នៅក្នុងអង្គភាព ដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែ មានប្រសិទ្ធភាពបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យកងកម្លាំងទាំងអស់ បន្តខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យទទួលបានជោគជ័យ ដើម្បីរក្សាបាននូវស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ៕