(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខពលករខ្មែរ ដែលបានវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ និងគ្រួសារវីរយុទ្ធជននៅសមរភូមិមុខ ព្រមទាំងបាននាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់រាជរដ្ឋាភិបាលទៅចែកជូនដល់គ្រួសារវីរយុទ្ធជន និងពលករសរុបមានចំនួន៤០០នាក់ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការជួបសំណេះសំណាលជាមួយគ្រួសារវីរយុទ្ធជន និងពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ គឺធ្វើឡើងដើម្បីលើកទឹកចិត្ត គាំទ្រ និងសាកសួរសុខទុក្ខ ព្រមទាំងលើកកម្ពស់ស្មារតី សាមគ្គីភាពជាតិ និងការចូលរួមការពារបូរណភាពទឹកដី។ ក្នុងនាមអាជ្ញាធរខេត្ត គឺបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ចំពោះគ្រួសារវីរយុទ្ធជន និងពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះគ្រួសារវីរយុទ្ធជនដែលបានបាត់បង់ ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។
ឯកឧត្តមអភិបាលខេត្ត បានបន្ដទៀតថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនៅពេលថ្មីៗកន្លងទៅនេះ តាមរយៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្ដីអំពីការជំរុញការផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង។ ពិសេសរដ្ឋបាលខេត្ត ក៏មានតួនាទីដ៏សំខាន់ក្នុងការដោះស្រាយចំពោះជីវភាពរស់នៅ និងរកការងារជូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ ឲ្យបានធ្វើគ្រប់ៗគ្នាផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខដល់ក្រុមគ្រួសារវីរយុទ្ធជននៅសមរភូមិមុខ និងប្រជាពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃខាងលើនេះ បានថ្លែងដោយនាំយកនូវការផ្ដាំផ្ញើសួរទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់ក្រុមគ្រួសារវីរយុទ្ធជន និងពលករ ក្នុងនោះឯកឧត្តមបណ្ឌិតព្រមទាំងបានរំលេចពីគុណបំណាច់របស់សម្ដេចទាំងពីរ ដែលបានខិតខំកសាង និងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនមកដល់សព្វថ្ងៃនេះផងដែរ។
ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ទាំងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រកោតសរសើរចំពោះការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ដែលបានធ្វើឲ្យកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការរីកចម្រើនលើគ្រប់វិស័យ។ មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី បានជំរុញការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ក្នុងនោះកម្ពុជា-ថៃ ក៏បានសន្យាពង្រឹងសាមគ្គី ភាពកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ។
ទន្ទឹមនឹងនេះប្រមុខថ្នាក់ដឹកនាំរបស់កម្ពុជា ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន នៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីរកដំណោះស្រាយយុត្តិធម៌ និងជាអចិន្ត្រៃយ៍ ដែលករណីជម្លោះព្រំដែនខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយជាមួយប្រទេសថៃ ដោយសន្តិវិធីតាមរយៈការចរចា និងអនុវត្តច្បាប់អន្តរជាតិ ដើម្បីធានាបាននូវសន្តិភាព ស្ថេរភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់-ស្រុក-ក្រុង និងខេត្តត្រូវយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងយកចិត្តទុកដាក់ ជាមួយគ្រួសារកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខឲ្យបានដិតដល់។ ជាមួយគ្នានេះ មន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្រួលដល់ពួកគាត់ឲ្យឆាប់បានមានការងារធ្វើគ្រប់ៗគ្នា ដើម្បីទទួលបានប្រាក់ចំណូលក្នុងការដោះស្រាយជីវភាពរស់នៅជាបន្ត៕