អាជ្ញាធរខេត្តសៀមរាប អំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីបន្តគាំទ្រ និងលើកទឹកចិត្តដល់វីរភាពកងទ័ព ដែលកំពុងឈរជើងការពារទឹកដី


(សៀមរាប)៖ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីបន្តគាំទ្រ និងលើកទឹកចិត្ត ដល់វីរភាពដ៏អង់អាចរបស់កងទ័ពជួរមុខរបស់យើងទាំងអស់ ដែលបាននឹងកំពុងបន្តឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង ក្រោមបទបញ្ជាដ៏អង់អាច ម៉ឺងម៉ាត់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អំពាវនាវយាងដូច្នេះរបស់លោកស្រី ម៉ននី រង្សី នៅក្នុងទិវាអន្តរជាតិសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជា» ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរ មនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា” នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប។

លោកស្រី បានបន្តថា គោលបំណងនៃការប្រារព្ធទិវាជាតិនេះ គឺដើម្បីបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់របស់រាជរដ្ឋាភិបាល ដែលប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃ ទៀត ដែលបាន នឹងកំពុងបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។

លោកស្រី ម៉ននី រង្សី បន្ថែមថា ទិវានេះក៏ជាការបង្ហាញអំពីស្មារតី សាមគ្គី ឯកភាព និងសុខដុមនីយកម្មនៃគ្រប់ជំនឿសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមគ្នាប្រឆាំងការជួញដូរមនុស្ស ធ្វើឱ្យមនុស្សទាំងឡាយមានសុវត្ថិភាព និងភាពរីករាយ ដែលរស់នៅលើទឹកដីកម្ពុជា។

ជាមួយនេះដែរលោកស្រី សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសាសនិកគ្រប់និកាយសាសនាទាំងអស់ ដែលមានឆន្ទៈចូលរួមក្នុងសកម្មភាពនានា ក្នុងគោលដៅលើកកម្ពស់សុវត្ថិភាពសង្គម និងសូមបន្តផ្សព្វផ្សាយដល់បព្វជិត និងសាវក ជាសាសនិកជនរបស់ខ្លួនឱ្យបានជ្រួតជ្រាបកាន់តែច្បាស់អំពីអត្ថន័យ នៃទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា និងសារៈសំខាន់នៃការអប់រំបែបសាសនា សម្រាប់សេចក្ដីថ្លៃថ្នូរ ភាពសុខុដុមរមនា និងការរីកចម្រើនរបស់ប្រទេសជាតិ៕