បណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្តាញកសិករតេជោ រួមទាំងសហការី នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំរវាងសមាគមបណ្តាញកសិករតេជោ និងអ្នកចិញ្ចឹមគោ
ក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងការចិញ្ចឹមគោ ខ្សែសង្វាក់ផលិតកម្ម និងស្ថានភាពទីផ្សារ។
លោកបណ្ឌិតប្រធានសមាគម បានលើកឡើងជូនអង្គប្រជុំអំពីសាវតា គោលបំណង និងបេសកកម្ម របស់សមាគម ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការតភ្ជាប់គ្នាជាបណ្តាញដ៏រឹងមាំ ដើម្បីលើកកម្ពស់ផលិតភាព ផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារ។
អង្គប្រជុំបានពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ ក្នុងការចិញ្ចឹមគោដូចជា បញ្ហាចំណី តម្លៃទីផ្សារ បច្ចេកទេសចិញ្ចឹម និងសុខភាពសត្វជាដើម។ ជាមួយគ្នានេះអង្គប្រជុំក៏បានកំណត់ចក្ខុវិស័យរួមគ្នា និងប្ដេជ្ញាចិត្តក្នុងការចូលរួម រួមមាន៖
១៖ លើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ។
២៖ បង្កើតបណ្តាញតភ្ជាប់គ្នារវាងអ្នកចិញ្ចឹមគោ និងភាគីពាក់ព័ន្ធ។
៣៖ ជំរុញឱ្យមានទីផ្សារ និងទំនុកចិត្ត។
៤៖ លើកស្ទួយផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើនសន្តិសុខចំណីអាហារ។
៥៖ រួមចំណែកអភិវឌ្ឍន៍វិស័យចិញ្ចឹមគោ ជាផ្នែកសំខាន់មួយនៃវិស័យកសិកម្ម ជាពិសេសជួយបង្កើតការងារ និងបង្កើនចំណូលសម្រាប់កសិករ។
តាមរយៈកិច្ចប្រជុំនេះ មានក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសកម្មភាពរបស់សមាគមនឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងលើកកម្ពស់វិស័យចិញ្ចឹមគោនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្ពោះទៅរកចីរភាព៕