ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានបញ្ជាក់ថា កម្ពុជានឹងចាប់ផ្តើមអនុវត្តជាបណ្តើៗ នូវស្តង់ដារនៃការរាយការណ៍ព័ត៌មានចីរភាព និងព័ត៌មានចីរភាពអន្តរជាតិ ដែលជាការអនុវត្ត ក្នុងលក្ខណៈបុរេសកម្ម ដើម្បីសម្របខ្លួនទៅតាមនិន្នាការ តំបន់ និងសកល។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីភាព បើកវេទិកាជាតិគណនេយ្យ ក្រោមប្រធានបទ៖ សុខដុមនីយកម្មបទប្បញ្ញត្តិ «ការរាយការណ៍ព័ត៌មានចីរភាព និង របាយការណ៍ហិរញ្ញវត្ថុឌីជីថល» នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លើយតបទៅនឹងប្រធានបទនៃវេទិការបស់យើងនាថ្ងៃនេះ, កម្ពុជានឹងចាប់ផ្តើមអនុវត្តជាបណ្តើៗ នូវស្តង់ដានៃការរាយការណ៍ ព័ត៌មានចីរភាព ផ្អែកតាមស្តង់ដានៃការរាយការណ៍ ព័ត៌មានចីរភាពអន្តរជាតិ ដែលជាការអនុវត្ត ក្នុងលក្ខណៈបុរេសកម្ម ដើម្បីសម្របខ្លួនជាស្រេច ទៅតាមនិន្នាការ តំបន់ និងសកល សំដៅធានាបាននូវឧត្តមភាពប្រកួតប្រជែង ដោយផ្អែកលើគោលការណ៍ដែលសមាមាត្រ តាមសមត្ថភាព, អាទិភាព និងធនធានរបស់កម្ពុជា»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ស្តង់ដានៃការរាយការណ៍ព័ត៌មានចីរភាពថ្មីនេះ នឹងមិនមែនគ្រាន់តែជារង្វាស់ខាងបរិស្ថានប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំង ជាការបង្កើតតម្លៃបន្ថែម ក្នុងការទាក់ទាញការវិនិយោគពីបរទេស ដោយធានាថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ដំណើរការទៅមុខ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ចីរភាព និងបរិយាបន្ន។
ទន្ទឹមគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងបរិបទនៃឌីជីថលូបនីយកម្ម, អនុលោមភាពនៃការរាយការណ៍ចីរភាព និងការរាយការណ៍ហិរញ្ញវត្ថុ បានក្លាយជាអាទិភាព និងជាមូលដ្ឋានគ្រឹះនៃការជឿទុកចិត្ត ក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ជាតិ ដែលប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ជាក់ស្តែង ក្នុងពិធីប្រកាសបើកឲ្យដំណើរការជាផ្លូវការ នូវសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា កាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២៤ កន្លងទៅ, សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ជូនវិស័យឯកជន ពាក់ព័ន្ធនឹងការពង្រឹងអនុលោមភាពជារួម ដែលទាមទារនូវការចូលរួមជិតស្និទ្ធ និង កិច្ចសហការស្អិតល្មួត ពីសំណាក់វិស័យឯកជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ការពង្រឹងអនុលោមភាព, រួមបញ្ចូលនូវស្តង់ដានៃការរាយការណ៍ព័ត៌មានចីរភាព និង ព័ត៌មាន ហិរញ្ញវត្ថុឌីជីថល, មិនមែនត្រឹមតែជាការតម្រូវ របស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំង ជាការចង់បាន និងការរំពឹងទុករបស់អតិថិជន, វិនិយោគិន និងទីផ្សារផងដែរ។
បន្ថែមពីនោះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ការណ៍នេះ តម្រូវឲ្យមានការផ្លាស់ប្តូរផ្នត់គំនិត ពីការយល់ឃើញថា «អនុលោមភាព គឺជាបន្ទុក» មកជាការទទួលស្គាល់ថា «អនុលោមភាព គឺជាការវិនិយោគជាយុទ្ធសាស្ត្រ» សម្រាប់សហគ្រាសគ្រប់ប្រភេទ៕