នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី លោក លោកស្រីសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី គណៈអភិបាលខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង មន្ត្រីក្រសួងមហាផ្ទៃ។
បន្ទាប់ពីការត្រួតពិនិត្យទៅលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ទាំង៤ ចំណុច និង ការលើកឡើងរបស់សមាជិកសមាជិកាក្រុមប្រឹក្សា នូវចំណុចមួយចំនួន ពាក់ព័ន្ធបរិស្ថាន ផ្លូវថ្នល់ ដែលត្រូវធ្វើការកែតម្រូវនូវខ្លឹមសារ អត្ថន័យនៅក្នុងរបាយការណ៍របស់រដ្ឋបាលខេត្ត ប្រចាំខែសីហាឆ្នាំ២០២៥និងបានត្រួតពិនិត្យលទ្ធផលបូកសរុបការ ងារចុះមូលដ្ឋានរបស់ក្រុមការងារក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ត្រូវបានកិច្ចប្រជុំ ធ្វើការអនុម័តផងដែរ។
ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានលើកឡើងពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់របស់ខេត្ត និង ការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋភៀសសឹក និង គ្រួសារកងទ័ព ដែលបានមកស្នាក់នៅជំរុំសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្ត តាមបណ្តាក្រុង ស្រុក ព្រមទាំងជម្រុញដល់រដ្ឋបាលក្រុង ស្រុក បង្កើនយកចិត្តទុកដាក់អំពី សុខភាព អនាម័យ និងការរស់នៅ ។ ឯកឧត្តមបានបញ្ជាក់ថា យើងត្រូវពង្រឹងបន្ថែមទីកន្លែងសង្គ្រោះ ដល់ជនរងគ្រោះដោយសង្រ្គាម ដែលខេត្តបានរៀបចំនៅស្រុកក្រឡាញ់ និង ស្រុកស្វាយលើ រួមនឹងមន្ទីរពេទ្យបង្អែកខេត្ត និង មន្ទីរពេទ្យ យោធភូមិផងដែរ ។ ដោយគិតមកដល់ពេលនេះពលករវិលមកពីប្រទេសថៃមានជាង២ម៉ឺននាក់ ដែលត្រូវមន្ទីរពាក់ព័ន្ធ និង រដ្ឋបាលក្រុង ស្រុង ធ្វើការផ្សព្វផ្សាយពីកន្លែងការងារ ដែលបងប្អូនត្រូវការធ្វើ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋមានលំនៅដ្ឋាននៅក្នុងតំបន់បេតិកភណ្ឌអង្គរ មួយចំនួនបានចាក់ចេញទៅកាន់ទីតាំងថ្មី នៅក្រុងរុនតាឯកតេជោសែន ហើយចំពោះតំបន់អភិវឌ្ឍន៍ពាក់ស្នែង ដោយមិនទាន់បានរៀបចំរួចរាល់ ។ តំបន់បេតិកភណ្ឌអង្គរ មាន១១៤ភូមិ ដែលនៅពេលខាងមុខនិងរៀបចំប្លង់គោល ដោយមានតំបន់ហាមឃាត់ និង តំបន់ ទ្រនាប់។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុកពួក និងប្រជាពលរដ្ឋស្រុក ដែលមានទឹកចិត្តសប្បុរសធម៌ បានផ្តល់ទីកន្លែងស្នាក់នៅ និងផ្គត់ផ្គង់ម្ហូបអាហារដល់សិស្ស ខេត្តឧត្តរមានជ័យ បានមកប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤.២០២៥ ។
ក្នុងនោះដែរ ឯកឧត្តមជម្រុញដល់រដ្ឋបាលក្រុង ស្រុក ត្រូវ យកចិត្តទុកដាក់ខ្ពស់ពីគ្រោះមហន្តរាយ ដោយជំនន់ទឹកភ្លៀង ព្រមទាំងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ក្នុងការជួយ សង្គ្រោះបងប្អូនរងគ្រោះ និង ងាយរងគ្រោះ សំខាន់កងកម្លាំងទាំងបីត្រូវមានមុខជាប្រចាំ។ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៥នេះ ខេត្តមិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូកទេ តែអាជ្ញាធរខេត្តនឹងរៀបចំផ្សារទឹក ព្រមទាំងរៀបចំធ្វើផ្សារចុងសប្តាហ៍ ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ។ ក្នុងគោលដៅទាក់ទាញដល់ភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ចូលមកកម្សាន្ត ព្រមទាំងបន្តធ្វើការដាំ និង ថែទាំដើមឈើ ដែលបានដាំនៅតាមដងវិថីក្នុងក្រុង។
ឯកឧត្តម លី សំរិទ្ធ ក៏បានជម្រុញដល់ក្រុមការងារក្រុមប្រឹក្សាខេត្ត បន្តចុះធ្វើកិច្ចការរបស់ខ្លួនឱ្យកាន់តែទទួលបានលទ្ធផលល្អថែមទៀត ។ ក្នុងនោះលោកក៏បានផ្តោតសំខាន់ចំពោះសុខភាពអនាម័យ និង ការសង្រ្គោះដែលជាកត្តាសំខាន់ ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក និង គ្រួសារកងទ័ព ព្រមទាំងចំពោះក្មួយៗ សិស្សានុសិស្សមកពីខេត្តឧត្តរមានជ័យ និង តាមបណ្តាក្រុង ស្រុក មកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤.២០២៥ ។
ហើយឯកឧត្តមបានឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ ខ្ពស់ លើការងារបណ្តុះបណ្តាលធនធានមនុស្ស គឺត្រូវចាត់តាំងមន្ត្រីរបស់ខ្លួនឲ្យច្បាស់ នៅពេលបញ្ជូនមកចូលវគ្គបណ្តុះ បណ្តាល ព្រមទាំងឲ្យមន្ត្រីធ្វើរបាយការណ៍ ធ្វើការកែតម្រូវ នូវខ្លឹមសារ អក្ខរាវិរុទ្ធ ព្រមទាំងធ្វ់ការរំលេចនូវលទ្ធផលការងារ ដែលតាមបណ្តាមន្ទីរ អង្គភាពអនុវត្តបានផងដែរ ។ ឯកឧត្តមក៏បានជម្រុញផងដែរ ដល់អាជ្ញាធរក្រុង ស្រុក ត្រូវតាមដាន ឲ្យបានគ្រប់ពេលវេលា នៅពេលដែលភូមិសាស្ត្ររបស់ខ្លួនទទួលរងគ្រោះធម្មជាតិ និង រកទីទួលសុវត្ថិភាពសម្រាប់ប្រជា ពលរដ្ឋស្នាក់នៅ ៕