ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងវេទិកាស្តីពី «ចីរភាព និងថាមពលកកើតឡើងវិញ» (Sustainability and Renewable Energy Forum (SAREF) 4.0.) ដែលប្រព្រឹត្តទៅនៅទីក្រុង Kuching រដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២៥។
វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោក Datuk Patinggi Tan Sri (Dr) Abang Haji Abdul Rahman Zohari អភិបាល (Premier) នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ រៀបចំដោយក្រុមហ៊ុន Sarawak Energy Berhad សហការជាមួយក្រសួងសេវាកម្មសាធារណៈ និងទូរគមនាគមន៍សារ៉ាវ៉ាក់ និងក្រសួងថាមពល និងចីរភាពបរិស្ថានសារ៉ាវ៉ាក់។
វេទិកាឆ្នាំនេះ បានប្រមូលផ្តុំអ្នកចូលរួមជាង១,០០០នាក់ រួមមាន សមាជិកគណៈរដ្ឋមន្ត្រីមកពីរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ និងរាជរដ្ឋាភិបាលសហព័ន្ធ ព្រមទាំងមន្ត្រីជាន់ខ្ពស់ អ្នកជំនាញអន្តរជាតិ ថ្នាក់ដឹកនាំឧស្សាហកម្ម និងតំណាងសង្គមស៊ីវិល មានការដាក់តាំងពិព័រណ៍ និងការបង្ហាញផលិតផល ឬគម្រោងនានាដែលទាក់ទងនឹងបច្ចេកវិទ្យាថាមពលកកើតឡើងវិញផងដែរ។
ក្នុងឱកាសបើកវេទិកា លោក Datuk Patinggi Tan Sri (Dr) Abang Haji Abdul Rahman Zohari អភិបាល (Premier) នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ បានលើកឡើងអំពីថាមពលកកើតឡើងវិញ ការតភ្ជាប់ក្នុងតំបន់ និងតួនាទីរបស់រដ្ឋសារ៉ាវ៉ាក់ ក្នុងការជំរុញវិបុលភាពរួមគ្នាតាមរយៈគម្រោង Borneo Grid ហើយបានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់រដ្ឋសារ៉ាវ៉ាក់ ចំពោះការច្នៃប្រឌិត និងការអភិវឌ្ឍប្រជាជនជាស្នូល ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូ ការអភិវឌ្ឍជំនាញកម្លាំងពលកម្ម និងការទទួលយកបច្ចេកវិទ្យាទំនើប រួមទាំងបណ្តាញឆ្លាតវៃ ថាមពលអ៊ីដ្រូសែន ការចាប់យក ការប្រើប្រាស់ និងការស្តុកទុកកាបូន (CCUS) និងថាមពលពន្លឺព្រះអាទិត្យអណ្ដែតទឹក-ដើម្បីកសាងអនាគតថាមពលដែលធន់ ទាបកាបូន និងប្រកបដោយបរិយាប័ន្នសម្រាប់ទាំងអស់គ្នា។
ឯកឧត្តមបទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានចែករំលែកទស្សនៈ និងបទពិសោធន៍ របស់កម្ពុជាក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញជាមួយអ្នកចូលរួមមកពីបណ្តាប្រទេសផ្សេងៗ សិក្សាស្វែងយល់ពីបច្ចេកវិទ្យា និងដំណោះស្រាយថ្មីៗ លើវិស័យថាមពលស្អាតពីប្រទេសដទៃ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសជាមួយរដ្ឋសហព័ន្ធសារ៉ាវ៉ាក់។
នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោក Dato’ Sri Haji Fadillah bin Haji Yusof ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពល និងបរិវត្តន៍ទឹក នៃប្រទេសម៉ាឡេស៊ី នឹងចូលរួមបិទវេទិកា ហើយលោកនឹងគូសបញ្ជាក់អំពីចក្ខុវិស័យរបស់ប្រទេសម៉ាឡេស៊ី សម្រាប់អនាគតថាមពលប្រកបដោយនិរន្តរភាព និងភាពធន់ មុនកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤៣ (AMEM) ដែលម៉ាឡេស៊ី នឹងទទួលតួនាទីជាប្រធានអាស៊ាន នៅឆ្នាំ២០២៥៕