សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខគ្រួសារយុទ្ធជនជួបគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រមកម្ពុជា និងសហការី អញ្ជើញចុះសួរសុខទុក្ខ ក្រុមគ្រួសារកងទ័ព ចំនួន២នាក់រងគ្រោះថ្នាក់ចរាចរណ៍ដោយរអិលរថយន្តដឹកសពកូនស្រី របស់វីវកងទ័ព ដែលបណ្តាលឲ្យសមាជិកគ្រួសារក្នុងរថយន្តនោះ ដែលមានស្ត្រីជាម្តាយក្មេក និងបុរសជាប្តីរបស់សព រងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នៅដើមខែកញ្ញា ឆ្នាំ២០២៥។

លោកជំទាវ ពុំ ចន្ទីនី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច។

សម្រាប់ក្នុងឳកាសចុះសួរសុខទុក្ខនេះ លោកជំទាវ ពុំ ចន្ទីនី ក៏បាននាំយកផ្លែឈើមួយកន្ត្រក និងថវិកាមួយចំនួន ជូនដល់គ្រួសារកងទ័ព និងជូនពរជំងឺឆាប់បានជាសះស្បើយ៕