អភិបាលខេត្តកំពត ចុះចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យជូនដល់ប្រជាពលរដ្ឋ នៅស្រុកដងទង់ ខេត្តកំពត


ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិឈ្លីតលើ និងភូមិត្រពាំងអណ្តូង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ នៅភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់។ ពិធីនេធ្វើឡើងក្នុងបរិវេណសាលាបឋមសិក្សាឈ្លីតក្រោម ស្ថិតក្នុងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។

លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានលើកឡើងក្នុងរបាយការណ៍ថា ពិធីនាពេលនេះ មានការចែកវិញ្ញាបនបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ ចំនួន២ភូមិ គឺភូមិឈ្លីតលើ និងភូមិត្រពាំងអណ្តូង ដែលមានក្បាលដីសរុបចំនួន ៣.១៩៨ក្បាលដី ស្មើនឹង១,៦៤២គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន២ភូមិ គឺភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ដែលមានក្បាលដី សរុបចំនួន ៤,០៣១ក្បាលដី ស្មើនឹង១,៨៧១គ្រួសារ រួមនឹងការចែកបណ្ណពន្ធសូន្យដល់ពលរដ្ឋ ចំនួន១៤,៤០៧បណ្ណផងដែរ។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពត បានលើកឡើងថា ក្រោមម្លប់នៃសុខសន្តិភាពដែលកម្ពុជា មានរហូតមកដល់សព្វថ្ងៃនេះ គឺបានផ្តល់នូវអ្វីៗគ្រប់យ៉ាងសម្រាប់ប្រជាជន និងប្រទេសជាតិ។ ម្លប់សន្តិភាពនេះដែរ ក៏បានផ្តល់នូវកម្មសិទ្ធិស្ទើគ្រប់យ៉ាង ដល់ពលរដ្ឋ ដែលមានដូចជា ដីធ្លី ផ្ទះសំបែង កន្លែងលក់ដូរជាដើម។ល។ រួមនឹងការរស់នៅប្រកបដោយភាពសុខសាន្ត។ ហើយអស់រយៈកាលច្រើនជំនាន់មកនេះ ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់ មិនមានបណ្ណកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែងនោះឡើយ ដែលធ្វើឱ្យការប្រើប្រាស់ដីធ្លី និងការទាញយកប្រយោជន៍ពីដីធ្លី មិនអស់សក្តានុពលនៃដី។ ប្រការនេះបណ្ដាលមកពីប្រទេសជាតិយើងកើតមានសង្គ្រាមជាបន្តបន្ទាប់ ដែលបង្ខំឱ្យប្រជាពលរដ្ឋ ត្រូវរត់ភៀសខ្លួនពីតំបន់មួយទៅតំបន់មួយ ជាក់ស្ដែងជំនាន់ ប៉ុល ពត កម្មសិទ្ធិលើដីធ្លីទាំងអស់ ត្រូវបានដកហូត និងដាក់បញ្ចូលជាកម្មសិទ្ធិសមូហភាព។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ភ្លាមៗ ប្រជាពលរដ្ឋ ក៏នៅពុំទាន់មានកម្មសិទ្ធិលើដីស្រែចម្ការ និងសង់លំនៅឋាននៅឡើយ ហើយការប្រើប្រាស់ដីកសិកម្មនាពេលនោះ មានលក្ខណៈជាការប្រវាស់ដៃ នៃក្រុមសាមគ្គីបង្កបង្កើនផល ព្រោះនៅក្នុងពេលនោះ ប្រជាពលរដ្ឋភាគច្រើន មានកម្លាំងមិនគ្រប់គ្រាន់ គ្រួសារខ្លះគ្មានមនុស្សប្រុសជាជំហរ ខ្វះកម្លាំងអូសទាញ ឧបករណ៍ សម្ភារៈ គ្រាប់ពូជ និងជីជាដើម ហើយផ្ទៃដីមួយភាគធំនៅមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើនក្នុងភូមិសាស្រ្តដែលធ្លាប់មានការប្រយុទ្ធគ្នានាពេលកន្លងមក។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូលមានសន្តិភាពពេញលេញ។ ហើយម្លប់នៃសន្តិភាពនេះ បានផ្ដល់ឱ្យប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មានកម្មសិទ្ធិស្ទើគ្រប់យ៉ាងនូវអ្វីដែលខ្លួនមាន រស់នៅយ៉ាងសុខសាន្ត ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ពិសេសការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋ ដើម្បីប្រើប្រាស់ និងការទាញយកប្រយោជន៍ពីដីធ្លី ឱ្យអស់សក្តានុពលនៃដី និងឈានទៅបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស៕