ឯកឧត្តម ឡុង ថាត អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសទទួលស្គាល់ សមាជិកគណបក្សថ្មីមកពីគណបក្សនយោបាយនានាចំនួន៤៧នាក់ ស្រី២៤នាក់ នៅឃុំក្រាំងត្រយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។
ពិធីប្រកាសទទួលស្គាល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីនេះ មានការចូលរួមពីឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមការងារចលនាកសាង សមាជិកគណបក្សប្រជាជនកម្ពុជាខេត្ត, លោក លោកស្រី ដែលជាក្រុមការងារគណបក្សខេត្តស្រុក សមាជិកសមាជិកាគណបក្សជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះឯកឧត្តម ឡុង ថាត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនសមាជិកថ្មីទាំងអស់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា នេះគឺជា ការសម្រេចចិត្តដ៏ត្រឹមត្រូវ និងប្រកបដោយភាពជឿជាក់មួយ ក្នុងការរួមដំណើរជាមួយគណបក្សដែលកំពុងដឹកនាំនាវាកម្ពុជាលើមាគ៌ាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការរួមសុខទុក្ខ និងការរួមគ្នាសម្រេចជោគវាសនារបស់ជាតិ គឺជាកាតព្វកិច្ចដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋគ្រប់រូប។ វត្តមានរបស់សមាជិកថ្មីនេះ គឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់លើគោលនយោបាយត្រឹមត្រូវ និងឆន្ទៈដ៏មុះមុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
ឯកឧត្តម ឡុង ថាត បានស្នើសមាជិកបក្សទាំងអស់ត្រូវរក្សាសាមគ្គីភាព និងធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ពង្រឹងចាស់ពង្រីកសមាជិកថ្មី នឹងត្រូវជឿជាក់លើការដឹកនាំរបស់គណបក្សដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រធានគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចិត្តខ្ជាប់ខ្ជួនក្នុងការរក្សាបាននូវសុខសន្តិភាពពេញលេញ និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕