គណៈកម្មការទី១០ ព្រឹទ្ធសភា ប្រគល់អំណោយមនុស្សធម៌របស់ព្រឹទ្ធសភា ជូនដល់រដ្ឋបាលខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ រដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ


ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា តំណាងឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់នូវអំណោយមនុស្សធម៌របស់ព្រឹទ្ធសភានៃកម្ពុជា ដែលរួមមានឱសថជាច្រើនប្រភេទ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជូនរដ្ឋបាលរដ្ឋបាលខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ រដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ស្ថិតនៅវិមានព្រឹទ្ធសភា។

ពិធីសំណេះសំណាល និងប្រគល់អំណោយមនុស្សធម៌នាឱកាសនោះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភា សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ និងភូមិភាគទី៤ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ រដ្ឋបាលស្រុកស្រីសន្ធរ និងស្រុកក្រូចឆ្មារ និងតំណាងមូលនិធីចែករំលែក សង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា។

មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវបណ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្តនិងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំទាំងអស់។

ឯកឧត្តមប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា សម្តេចតេជោប្រធានព្រឹទ្ធសភា លោកអនុប្រធានទី១ លោកអនុប្រធានទី២ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសវីរកងទ័ព និងប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃនេះផងដែរ ថ្នាក់ដឹកនាំ រួមជាមួយសមាជិក សមាជិកាព្រឹទ្ធសភា បានប្រើប្រាស់យន្តការការទូតយ៉ាងសកម្ម នៅគ្រប់ជំនួបជាមួយមេដឹកនាំបរទេស ក៏ដូចជាវេទិកាអង្គការអន្តរជាតិនានា ដើម្បីរកដំណោះស្រាយដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ ក្នុងការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា និងរក្សាបាននូវសុខសន្តិភាព ដែលជាសេចក្តីត្រូវការចាំបាច់របស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

ឯកឧត្តម ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា អំណោយមនុស្សធម៌ដែលព្រឹទ្ធសភា ផ្តល់ជូនដល់រដ្ឋបាលខេត្ត និងស្រុកនាពេលនោះ គឺជាសមិទ្ធិផលប្រកបដោយប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា ដែលមានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយជាសេនាធិការ និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ។

គួរបញ្ជាក់ផងដែរថា គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណ-រដ្ឋកូរ៉េ ដើម្បីទទួលនូវជំនួយមនុស្សធម៌ដែលរួមមាន ឱសថ ឧបករណ៍វេជ្ជសាស្ត្រ សម្ភារៈសិក្សា សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ហើយបន្តនាំយកជំនួយមនុស្សធម៌ទាំងអស់នោះ ផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ សំដៅចូលរួមលើកកម្ពស់ជីវភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត។

តាងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ស្រុកស្រីសន្ធរ និងស្រុកក្រូចឆ្មារ អភិបាលខេត្ត លោកអភិបាលស្រុក បានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោប្រធានព្រឹទ្ធសភា ថ្នាក់ដឹកនាំព្រឹទ្ធ ស ភា ពិសេសគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង និងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ថ្នាក់ដឹកនាំខេត្ត និងស្រុក បានប្តេជ្ញាចិត្តក្នុងការគ្រប់គ្រង និងបែងចែកអំណោយមនុស្សធម៌របស់ព្រឹទ្ធសភា ឱ្យដល់ដៃអាជ្ញាធរ ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។ អំណោយមនុស្សធម៌របស់ព្រឹទ្ធសភា មូលនិធិចែករំលែកសង្គ្រោះជីវិតសកល គឺពិតជាមានសារៈសំខាន់ ហើយត្រូវនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានយើង៕