សមត្ថកិច្ចកម្ពុជា ប្រជុំត្រៀមការពារសន្ដិសុខ និងសុវត្ថិភាព ជូនប្រធានាធិបតីហ្វីលីពីន ដែលនឹងមកទស្សនកិច្ចនៅកម្ពុជា


នាយឧត្តមសេនីយ៍​ សន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម​ ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (FERDINAND ROMUALDEZ MARCOS Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១​ ឡូវីស អារ៉ានេតា ម៉ាកូស (First Lady LOUISE ARANETA-MARCOS)​ នៅកម្ពុជា។

កិច្ចប្រជុំនេះ មានការចូលរួមពីគ្រប់បណ្ដាស្ថាប័ន-អង្គភាព​ពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំនាយកដ្ឋានអង្គរក្ស។

សូមរំលឹកថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នឹងអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Ferdinand Romualdez Marcos Jr. នឹងអញ្ជើញជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សា ទ្វេភាគីជាមួយសរម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ វិមានសន្តិភាព។

លោក Marcos Jr. និងថ្នាក់ដឹកនាំកម្ពុជាទាំងពីររូប នឹងធ្វើការពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញ ទៅមក។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាចំណាប់ អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរ ទស្សនកិច្ចនេះផងដែរ៕