សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ជាថ្មីទៅកាន់ ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ថាកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះ ហ្វីលីពីន ដែលនឹងទទួលជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ។
ក្នុងសេចក្ដីថ្លែងការណ៍រួមសារព័ត៌មាន ក្រោយបញ្ចប់ជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួម ដើម្បីពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន ក្នុងឆ្នាំ២០២៥នេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងក្របខ័ណ្ឌតំបន់ ខ្ញុំបានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញទំហឹងរបស់កម្ពុជា ចំពោះហ្វីលីពីន ដែលនឹងទទួលតួនាទីជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំក្រោយ។ យើងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន»។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា កម្ពុជាផ្ដល់សារៈសំខាន់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នទៅវិញទៅមក និងផលប្រយោជន៍រួម។ រយៈពេលជាច្រើនឆ្នាំកន្លងមក ភាពជាដៃគូនៃប្រទេសយើងទាំងពីរ បានរីកចម្រើនលើគ្រប់វិស័យ រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា កម្ពុជាសូមអរគុណសហគមន៍ហ្វីលីពីននៅកម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៃប្រទេសយើងទាំងពីរ។ កម្ពុជាសូមស្វាគមន៍ប្រជាជនហ្វីលីពីនកាន់តែច្រើន អញ្ជើញចូលមកកម្ពុជា ក្នុងនាមជាភ្ញៀវទេសចរជាវិនិយោគិន និងដៃគូអាជីវកម្ម៕