ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ពីជំហរជាដៃគូឥតងាករេ ជាមួយកម្ពុជា ក្នុងការបើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
ការបញ្ជាក់ពីជំហររបស់ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានធ្វើឡើងនៅក្នុងឱកាសលោក រួមជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សេចក្តីថ្លែងការណ៍រួមជុំវិញលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា។
ថ្លែងនៅចំពោះមុខសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានលើកឡើងថា នៅក្នុងកិច្ចប្រជុំរបស់លោកជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាលើវិស័យជាច្រើន ថាតើប្រទេសហ្វីលីពីន និងកម្ពុជា អាចកែលម្អរួមគ្នាក្នុងរបៀបមួយដែលប្រកបដោយអត្ថន័យ ដើម្បីកែលម្អប្រជាជនទាំងពីរ។ ហ្វីលីពីន និងកម្ពុជា ទទួលស្គាល់ថាកំណើត និងភាពរឹងមាំ របស់សេដ្ឋកិច្ចយើង ពឹងផ្អែកទៅលើកិច្ចសហប្រតិបត្តិការ បន្ថែមលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាមពលកកើតឡើងថ្មី និងសេដ្ឋកិច្ចឌីជីថល។
ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ពីជំហរយ៉ាងដូច្នេះថា៖ «តំបន់របស់យើង មានផលប៉ះពាល់ពីកត្តាខាងក្រៅ ខ្ញុំសូមបញ្ជាក់ថា ហ្វីលីពីន មានជំហរជាដៃគូឥតងាករេ ក្នុងការបើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសយើងទាំងពីរ»។
ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានបន្ថែមថា នៅក្នុងស្មារតីនេះប្រទេសពីរ បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តច្បាប់រវាងស្ថាប័នសន្តិប្រទេសទាំងពីរ ដើម្បីការឆ្លើយតបរួម គឺមានលក្ខណៈរហ័ស ហើយនឹងមានលក្ខណៈបង្រួបបង្រួម និងមានប្រសិទ្ធភាព ដែលបានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាជន ឱ្យកាន់តែរលូន។