ថ្នាក់ដឹកនាំខេត្តព្រះសីហនុ រួមជាមួយពុទ្ធបរិស័ទ អញ្ជើញកាន់បិណ្ឌវេនទី១ និងឧទ្ទិសកុសលដល់វីរកងទ័ព ដែលពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅវត្តព្រហ្មកេរ្តិ៍ ក្នុងស្រុកព្រៃនប់


ឯកឧត្តម វង្ស ណាផាត ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ, លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលភិបាលក្រុង-ស្រុក ព្រមទាំងលោក លោកស្រី ប្រធាន មន្ទីរស្ថាប័នអង្គភាពនានា ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ១រោច ខែភទ្របទ ឆ្នាំម្សាញ់ ព.ស២៥៦៩ ត្រូវនឹងទី៨ ខែកញ្ញា គ.ស ២០២៥ ញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសកាន់បិណ្ឌ វេនទី១នេះ ឯកឧត្តម ម៉ាង ស៊ីណេត និងឯកឧត្តម វង្ស ណាផាត បាននាំយកសម្ភារៈប្រគេនព្រះសង្ឃវត្តព្រហ្មកេរ្តិ៍រួមមាន៖ អង្ករ ៣០០គីឡូក្រាម, មី ២កេសធំ, ត្រីខ ២កេសធំ, ប្រេងឆា១កេស កាហ្វេ ១០កញ្ចប, ទឹកត្រី ១០យូ, ទឹកស៊ីអីវ ១០យូ, ទឹកសុទ្ធ ១៥កេស, ចង្ហាន់ស្រាក់(បាយ សម្ល) ៤០ស្រាក់, ភេសជ្ជៈ ៤០កន្ត្រក, ថវិកាមេគុណ ៦០០,០០០រៀល, ថវិកាព្រះសង្ឃ ៣៩អង្គ ១០០,០០០រៀល/១អង្គ, អាចារ្យគណៈកម្មាវត្ត ៨នាក់ ៥០,០០០រៀល/ម្នាក់, ប្រគេនជូនវត្ត ៤,០០០,០០០រៀល, សមាគមនារីខេត្ត ថវិកា ១លានរៀល, ដូនជី តាជី ២០នាក់ ២ម៉ឺនរៀល។ ក្នុងឱកាសនោះ អភិបាលខេត្ត និងលោកជំទាវ ក៍បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ១០លានរៀល ជូនវត្តផងដែរ។

ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា បុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះ ថ្លាក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នេះ ដែលជារៀងរាល់ឆ្នាំ សាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់ តាំងពីបុរាណដែលមានរយៈពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេស ដែលចាប់ផ្តើមពីថ្ងៃទី០១ រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤ រោច និងថ្ងៃ១៥ រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះលោក លោកស្រី ប្រធានមន្ទីរស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងខេត្តព្រះសីហនុដែលបានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេន ទី១នៅវត្តព្រហ្មកេរ្តិ៍ ព្រមទាំងគណៈកម្មការ អាចារ្យវត្ត​ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានខិតខំប្រឹងប្រែងលះបង់ធនធានផ្ទាល់ខ្លួនចូលរួមក្នុងវេណកាន់បិណ្ឌទី១ ដើម្បីប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ និងដើម្បីកសាងនូវសមិទ្ធផលក្នុងវត្តជាប្រយោជន៍ទ្រទ្រង់ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ សម្រាប់កូនចៅជំនាន់ក្រោយៗទៀតគោរពប្រណិបត្តិតាម។

ឯកឧត្តមបានបន្តថា នេះគឺជាសេរីភាពខាងជំនឿសាសនាដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលបានប្រគេនជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញាណក្ខន្ធបុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ជាពិសេសប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋាន បានឧទ្ទិសកុសលដល់វីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្ម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន និងសូមវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជន ទាំងអស់ អញ្ជើញទៅកាន់សុគតិភព កុំបីអាក់ខានឡើយ៕