នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ និងលោកស្រី ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្ត អញ្ជើញកាន់បិណ្ឌវេនទី១ និងរាប់បាត្រ នៅវត្តតេជសុវណ្ណភូមិ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ រួមទាំងអ្នកចូលរួមទាំងអស់បានអញ្ជើញថ្វាយគ្រឿងរណ្តាប់សក្ការបូជា ប្រតិបត្ដិព្រះធម៌ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាត្តិកាទាំង ៧សណ្ដាន និងជូនដល់វិញ្ញាណក្ខន្ធឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ក្នុងបុព្វហេតុការពារ ជាតិមាតុភូមិ ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខ សូមឱ្យសមប្រកប តែវិបុលសុខគ្រប់ប្រការ និងសូមបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ដើម្បីជាការទ្រទ្រង់ និងចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានា ក្នុងទីអារាមវត្តតេជសុវណ្ណភូមិ ឯកឧត្តម ប៉ែន កុសល្យ និងលោកស្រី ក៏បាននាំមកប្រគេនជូនមានជាទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងឧបភោគ-បរិភោគ ព្រមទាំងបច្ច័យ តាមរយៈទឹកចិត្តសទ្ធាជ្រះថ្លា ប្រគេនដល់ចៅអធិការវត្ត សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តបន្ថែមជាការជួយបន្តលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕