ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំអំណោយមានជាអង្ករ ទឹកសុទ្ធ តង់ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកាមួយចំនួន មកចែកជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
ថ្លែងក្នុងឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិសាស្ត្រស្រុកគូលែន។ ឯកឧត្តមថាសម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរវីរយុទ្ធជនគ្រប់រូប ដែលបានបំពេញភារកិច្ចដើម្បីការពារបូរណភាពទឹកដីនៅតាមព្រំដែន ដោយលះបង់សាច់ស្រស់ ឈាមស្រស់ ដែលត្រូវបានថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋចងចាំ និងដឹងគុណជានិច្ច ដោយឡែកក្រុមគ្រួសាររបស់វីរៈយុទ្ធជនត្រូវបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
ដោយឡែកឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា វត្តមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ ក្តីស្រឡាញ់ ក្តីអាណិតអាសូរ គិតគូរអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាក ជាពិសេស គឺស្ថិតក្នុងកាលៈទេសៈដែលកំពុង ប្រឈមនឹងការឈ្លានពានដោយកម្លាំងប្រដាប់អាវុធសៀម រំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា៕