លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន និងជំទាវទី១ហ្វីលីពីន បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ នៅកម្ពុជាហើយ ដោយលោកបានចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ទស្សនកិច្ចផ្លូវរដ្ឋរបស់លោកម៉ាកុស បានធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Ferdinand Romualdez Marcos Jr. លោកបានជួបជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សា ទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ប្រធានាធិបតីហ្វីលីពីន បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមាន ឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតន កោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន បានចុះកិច្ចព្រមព្រៀងចំនួន៣។ ឯកសារនោះទាំងនោះរួមមាន៖
ឯកសារទី១៖ អនុស្សារណយោគយល់ស្តីពីវិស័យសហប្រតិបត្តិការនានារវាងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និង នគរបាលជាតិនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ចុះហត្ថលេខាដោយ លោក Maria Theresa P. Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋហ្វីលីពីន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ទី២៖ អនុស្សារណយោគយល់រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និង គណៈកម្មការឧត្តមសិក្សានៃសាធារណរដ្ឋហ្វីលីពីន ចុះហត្ថលេខាដោយ លោកបណ្ឌិត Shirley C. Agrupis ប្រធានគណៈកម្មការឧត្តមសិក្សា នៃសាធារណរដ្ឋហ្វីលីពីន និងលោកបណ្ឌិត ហង្ស ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។
ទី៣៖ អនុស្សារណយោគយល់ស្តីពីកិច្ចព្រមព្រៀងស្ដីពីសេវាកម្មអាកាសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ចុះហត្ថលេខាដោយ លោក Jim C. Syndiongco អនុរដ្ឋលេខាធិការអាកាសចរណ៍ និងអាកាសយានដ្ឋាន នៃសាធារណរដ្ឋហ្វីលីពីន និងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកលើរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីលវិលនៃព្រះរាជាណាចក្រកម្ពុជា៕








