សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក។
សម្តេចបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។
ជើងហោះហើរដំបូងគេ នឹងចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ខណៈក្រុមហ៊ុនអាកាសចរណ៍ Korean Air គឺជាជើងហោះហើរចុងក្រោយគេបង្អស់ ដែលចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។
លក្ខណៈសម្គាល់ដ៏សំខាន់មួយ របស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋានអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ។
ក្នុងដំណាក់កាលទី១ ព្រលានយន្តហោះថ្មីនេះមានសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ក្នុងមួយឆ្នាំ និងដោះស្រាយទំនិញបាន ២៦,០០០ តោន។
វិស័យអាកាសចរណ៍ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង ការទូត និងគោលដៅផ្សេងៗរាប់មិនអស់។អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា៕