ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ចូលរួមកាន់បិណ្ឌទី២ នៅវត្តសំរោងយា ស្រុកភ្នំក្រវាញ


បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលប្រព្រឹត្តទៅរយៈពេល១៥ ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីនេះមានគោលបំណង ឧទ្ទិសកុសលដល់ប្រេតជនញាតិ និងរៀបចំសង្ឃភត្ត ប្រគេនព្រះសង្ឃដែលគង់ចាំវស្សា។ ពុទ្ធបរិស័ទខ្មែរតែងតែធ្វើដំណើរទៅជួបជុំសាច់ញាតិ រៀបចំចង្ហាន់ និងបាយបិណ្ឌ យកទៅប្រគេនព្រះសង្ឃនៅវត្តអារាម។

ជាក់ស្តែងនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត បាននាំយកសម្ភារៈ បរិក្ខា និងបច្ច័យមួយចំនួន មកចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី២ នៅវត្តសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា បានលើកឡើងថា កាលដែលលោកកំណត់ពេលមកចូលរួម ក្នុងពិធីបុណ្យកាន់បិណ្ឌ វត្តសំរោងយានាពេលនេះ គឺដោយសារកន្លងមក បានពិនិត្យឃើញពីភាពអត្តខាត់ នៃព្រះវិហារ ដែលមានដំបូលស័ង្កសី និងជញ្ជាំងស័ង្កសី ហើយមានបំណងចង់ចូលរួមចលនា ដើម្បីសាងសង់ព្រះវិហារវត្តសំរោងយាឡើង ឲ្យបានសមរម្យ សម្រាប់ទុកបម្រើក្នុងវិស័យពុទ្ធចក្រ។

ឯកឧត្តមបន្តថា យើងបានរស់រានមានជីវិត បានប្រារព្ធធ្វើបុណ្យទាន តាមប្រពៃណីជាតិ សាសនា ដូចជាបុណ្យកាន់បិណ្ឌនាពេលនេះ ក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព មានស្ថិរភាពនយោបាយនៅទូទាំងប្រទេស ដែលបានមកដោយសារការយកជីវិតជាដើមទុន និងការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តវេនដឹកនាំប្រកបដោយថាមវន្ត របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ ដឹកនាំប្រទេស ឈានទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសមិទ្ធផលដែលមានស្រាប់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងសហការរួបរួមសាមគ្គីគ្នា កសាងព្រះវិហារវត្តសំរោងយាឡើង ដោយរូបលោកប្តេជ្ញាថានឹងកៀរគររកសប្បុរសជន រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីមកកសាងព្រះវិហារនេះ ឲ្យបានសមរម្យ និងបានចេញជារូបរាងឡើង ក្នុងពេលខាងមុខ។

ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ គឺរាជរដ្ឋាភិបាលកម្ពុជា ទទួលខុសត្រូវនៅចំពោះមុខប្រជាជន ហើយការពារមិនអនុញ្ញាតឲ្យបរទេសឈ្លានពាន រំលោភយកទឹកដីរបស់កម្ពុជា សូម្បីមួយមីល្លីម៉ែត្រ។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តមក៏សូមយកឱកាសនេះ ថ្លែងឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវីរយុទ្ធជនកម្ពុជា ដែលពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមក នៃការប៉ះទង្គិចរវាងកម្ពុជា-ថៃ និងសូមឱ្យមនុញ្ញផល ជួយជូនវិញ្ញាណក្ខន្ធវីរយុទ្ធជនកម្ពុជា ដែលពលីជីវិតទាំងអស់ បានសោយសុខ នាឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕