ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, នាយកក្រុមហ៊ុនធំមួយនៅទីក្រុងហុងកុង អះអាងថាបានសម្លឹងមើលឃើញសក្ដានុពលលើវិស័យអចលនទ្រព្យរបស់កម្ពុជា


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Elton Chan នាយកក្រុមហ៊ុន Jardine Matheson។

ក្នុងជំនួបនេះភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់យ៉ាងផុលផុសអំពីសក្ដានុពលរបស់ប្រទេសកម្ពុជា ពិសេសលោក Elton Chan បានមើលឃើញអំពីចំណុចប្រកួតប្រជែងរបស់កម្ពុជាជាមួយបណ្ដាប្រទេសជិតខាងរបស់ខ្លួនគឺការប្រើប្រាស់រូបិយប័ណ្ណដុល្លារ និងការបើកចំហរទទួលការវិនិយោគលើគ្រប់វិស័យ។ លោកនាយកក្រុមហ៊ុនក៏បានជម្រាបជូនផងដែរថា ក្រោយដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា លោកបានសម្លឹងមើលឃើញសក្ដានុពលលើវិស័យអចលនទ្រព្យរបស់កម្ពុជា។

បន្ថែមលើព័ត៌មានដែលលោកធ្លាប់ទទួលបាន លោក Elton Chan ក៏បានសាកសួរបន្ថែមអំពីបច្ចុប្បន្នភាពគោលនយោបាយ និងការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃចំនួនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន រីឯគោលនយោបាយលើវិស័យនេះគឺជាចំណុចអាទិភាពដែលរាជរដ្ឋាភិបាលកំពុងរៀបចំដើម្បីជំរុញលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានកាន់តែច្រើនបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យលោក Elton Chan បន្តភ្ជាប់ទំនាក់ទំនងជិតស្និតរវាងក្រុមហ៊ុនជាមួយស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចជួយសម្របសម្រួលចំពោះកិច្ចស្នើសុំវិនិយោគនានាដែលក្រុមហ៊ុនមានបំណងបណ្ដាក់ទុននាពេលអនាគត។

ក្រុមហ៊ុន Jardine Matheson មានមូលដ្ឋាននៅក្នុងទីក្រុងហុងកុងត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៨៣២ ដោយ William Jardine និង James Matheson។ ក្រុមហ៊ុនបានពង្រីកខ្លួនទៅក្នុងវិស័យផ្សេងៗរួមមាន ការដឹកជញ្ជូន ពាណិជ្ជកម្ម អចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ច វិស្វកម្ម និងហិរញ្ញវត្ថុ ដោយបានក្លាយជាសាជីវកម្មពហុជាតិចំណាស់ជាងគេ និងលេចធ្លោមួយក្នុងមូលដ្ឋានក្រុងហុងកុង៕