រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «អភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហ»


ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «អភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហ» នៅសណ្ឋាគារ Oakwood Premier Hotel។

ពិធីនេះ ដោយមានការចូលរួមពីលោកបណ្ឌិត Jung Seongho សហប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល កូរ៉េ-កម្ពុជា (DGCC) តំណាងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ថ្នាក់ដឹកនាំ ក.ប.ទ. និងតំណាងក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ និងវិស័យឯកជន ប្រមាណ ១៣០រូប។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា សិក្ខាសាលាស្តីពី «អភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហ» នាពេលនេះ គឺជាការផ្តល់ឱកាសដល់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ និងវិស័យឯកជន ចូលរួមចំណែកជាមួយ ក.ប.ទ. ក្នុងការគិតគូររៀបចំតាក់តែងលិខិតបទដ្ឋាន ពាក់ព័ន្ធនឹងការធ្វើអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហ សំដៅលើកកម្ពស់ ការចែករំលែកទិន្នន័យ ឱ្យកាន់តែល្អប្រសើរ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ទិន្នន័យពុំមានប្រយោជន៍ទេ ប្រសិនបើពុំមានភាពសុក្រឹត្យ ឬប្រើប្រាស់មិនចំគោលដៅ ប៉ុន្តែទិន្នន័យគឺជាប្រភពធនធានមាស សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិនបើយើងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព៕