ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំអាជ្ញាធរខេត្តកែប ពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់ ដើម្បីត្រៀមទទួលអ្នកទេសចរ


ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានណែនាំដល់អាជ្ញាធរខេត្ត ត្រូវរៀបចំសណ្តាប់ធ្នាប់តាមតំបន់ទេសចរណ៍ ឲ្យបានល្អប្រសើរ ត្រៀមលក្ខណៈទទួលភ្ញៀវទេសចរដែលនឹងមកលេងកម្សាន្ត នាឱកាសឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ​ និង​ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។

ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកែប ដោយចូលរួមពីសំណាក់លោក អ៊ុក​ ថា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត, លោកបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ខេត្ត​ និងជាអនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត​ ព្រមទាំងអនុប្រធាន​ សមាជិក​ សមាជិកា​ ក្រុមការងារ​គ្រប់លំដាប់ថ្នាក់។

ទន្ទឹមនោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានដាក់ចេញ នូវអនុសាសន៍សំខាន់ៗមួយចំនួន សម្រាប់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» ឲ្យបានកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។ ការរៀបចំសណ្តាប់ធ្នាប់តាមតំបន់ទេសចរណ៍ ត្រូវធ្វើយ៉ាងណាឲ្យបានល្អប្រសើរ ដេីម្បីត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យសំខាន់ៗនាពេលខាងមុខ។

លោកក៏បានណែនាំឲ្យបង្កើនគុណភាពសេវាសាធារណៈ និងបដិសណ្ឋារកិច្ច ពិសេសត្រូវគិតគូរជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាត និងប្រកបរបរលក់ដូរនៅតាមតំបន់ទេសចរណ៍ជាដើម ឲ្យពួកគាត់ចេះរៀបចំសណ្ដាប់ធ្នាប់ អនាម័យឲ្យបានល្អ និងរក្សាឲ្យបានពាក់ព័ន្ធសេវាការលក់ដូរ ដើម្បីបម្រើឲ្យភ្ញៀវទេសចរ។

លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានគូសបញ្ជាក់ពីសមិទ្ធផល ក្នុងឆមាសទី១ ឆ្នាំ២០២៥ ដែលក្រុមការងារ បានចូលរួមគាំទ្រយ៉ាងសកម្ម លើការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល។ ជាពិសេស គឺការជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព» និងការផ្តល់សេវាសាធារណៈ តាមយន្តការច្រកចេញចូលតែមួយប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

សូមជម្រាបថា ក្នុងដំណើរចុះត្រួតពិនិត្យការអនុវត្តការសាងសង់គម្រោង ឆ្នេរតេជោសន្តិភាពកែប កាលពីពេលថ្មីៗនេះ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានណែនាំដល់ក្រុមហ៊ុនម៉ៅការ ត្រូវពន្លឿនការងាររបស់ខ្លួន ធ្វើយ៉ាងណាអាចឲ្យប្រជាពលរដ្ឋចូលលេងកម្សាន្ត និងទស្សនានូវសមិទ្ធផលថ្មីរបស់ខេត្តកែប នៅខែវិច្ឆិកា ឆ្នាំ២០២៥ ពោលត្រៀមទទួលអ្នកទេសចរក្នុងអំឡុងពេល ពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប​ អកអំបុក និងសំពះព្រះខែ ខាងមុខនេះ៕