សម្រាប់ឆ្នាំ២០២៥នេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺបានប្រព្រឹត្តចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ ដូច្នេះក្នុងនាមសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រជាជនកម្ពុជាបានប្រសិទ្ធនាមថាជា «មាតាមនុស្សធម៌» មិនត្រឹមតែដឹកនាំកូនចៅប្រុសស្រី និងសហការី សាងអំពើល្អ មានទឹកចិត្ដសណ្ដោស ជួយយកអាសារចំពោះមនុស្សគ្រប់គ្នាដែលខ្វះខាត ក៏ដូចជាប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុតនោះទេ សូម្បីតែក្នុងវិស័យព្រះពុទ្ធសាសនា ក៏មាតាមនុស្សធម៌ តែងគោរពប្រតិបត្ដិយ៉ាងខ្ជាប់ខ្ជួន ជួយទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដោយតែងតែដឹកនាំកូនចៅប្រុសស្រី និងសហការី ព្រមទាំងប្រតិភូអមដំណើររបស់លោក ចូលរួមកសាងកុសលផលបុណ្យ និងជួយលើកស្ទួយព្រះពុទ្ធសាសនាជានិច្ច។
ជាក់ស្ដែងនៅរសៀលថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវជាវេលាសូត្រមន្ដកាន់បិណ្ឌទី៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា ដឹកនាំសហការី នាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃដែលគង់នៅវត្ដជុំនទី ហៅវត្ដក្រពើហា នៅក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
នាឱកាសនោះលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងសហការី បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន វេរប្រគេនចំពោះ ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈ ថ្នាក់ចត្វា ព្រះលេខាធិការគណខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី ហៅក្រពើហា។
ចំពោះទេយ្យវត្ថុជាសទ្ធាជ្រះថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនវត្តក្រពើហា រួមមាន៖ អង្ករ ៥តោន, មី ៥០កេស, ត្រីខ ៥កេស, ស្ករស ២៥គីឡូក្រាម, ទឹកភេសជ្ជៈចំរុះ ២០កេស, ទឹកបរិសុទ្ធអារុណា ២០កេស, ទឹកដោះគោខាប់ ២កេស, កាហ្វេហ្គោរ៉ូស ១០កញ្ចប់, តែ ៥គីឡូក្រាម, ទឹកត្រី ២០យួរ, ទឹកស៊ីអ៊ីវ ២០យួរ, ត្រីងៀត ១២គីឡូក្រាម, សាច់ក្រក ១២គីឡូក្រាម, ផ្លែឈើស្រស់ ១កន្ត្រក និងបច្ច័យ ៤០លានរៀល។ ក្នុងនោះប្រគេនព្រះចៅអធិការវត្ត នូវសាដក ១ និងបច្ច័យ ២លានរៀល, ប្រគេនព្រះសង្ឃគង់អម ៤អង្គ ក្នុងមួយអង្គៗសាដក១ និងបច្ច័យ ១លានរៀល។
បន្ទាប់មកព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី, សហការីកាកបាទក្រហមកម្ពុជាទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ទន្ទឹមនឹងនេះ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន, លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ហ៊ុន កំសត់ កូនប្រុសច្បង សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក។
សូមគួសបញ្ជាក់ថា នៅវត្ដជុំនទី ហៅវត្ដក្រពើហា មិនត្រឹមជាទីវត្ដអារាម សម្រាប់គោរពប្រតិបត្ដិព្រះពុទ្ធសាសនានោះទេ គឺជាសាលាបណ្ដុះបណ្ដាលធនធានព្រះសង្ឃ ដែលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងប្រទេសជាតិមនុស្សផងដែរ ដោយនៅវត្ដអារាមមួយនេះ មាននូវពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី និងពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ដែលមានព្រះសង្ឃកំពុងបំពេញវិជ្ជាជាច្រើនរយអង្គជារៀងរាល់ឆ្នាំ។ ហេតុដូច្នេះហើយ ទើបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែឧត្ថម្ភជាទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ក្នុងមួយឆ្នាំ៣ដង ដល់វត្ដជុំនទី ហៅក្រពើហាខាងលើនេះ មិនដែលដាច់នោះឡើយ ដែលឆ្លើយតបទៅនឹងភាពខ្វះខាត ខណៈដែលវត្ដអារាមមួយនេះ មិនអនុញ្ញាឱ្យព្រះសង្ឃ និមន្ដបិណ្ឌបាត្រនៅតាមផ្ទះប្រជាជន ឬទីសាធារណៈនោះទេ។
ដូច្នេះសទ្ធាជ្រះថ្លា និងការយកចិត្ដទុកដាក់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ព្រះចៅអធិការវត្ដប្រពើហារ បានសម្ដែងនូវសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ក៏ដូចជាព្រះសង្ឃកំពុងបំពេញវិជ្ជានៅពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី និងពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា កន្លងមកនេះ មកទល់បច្ចុប្បន្ននេះ៕