ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូនលោក Charles Tan នាយកគ្រប់គ្រងតំបន់អាសុីរបស់ក្រុមហ៊ុន Etihad Airways និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍ពី សកម្មភាពអាជីវកម្មរបស់ក្រមហ៊ុន។
ជាពិសេសគឺការបើកដំណើរការជើងហោះហើរត្រង់ពីទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញ ព្រមទាំងស្នើសុំ កិច្ចសហការគាំទ្រពីរដ្ឋមន្ដ្រី ហួត ហាក់ នៅទីស្តីការក្រសួងទេសចរណ៍។
ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនដែលបានមើលឃើញពី សក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះ និងការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបើកការហោះហេីរត្រង់ពីទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួមមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដែលពិតជាជួយកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើង៕