ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក WANG Shubai អនុប្រធានជាន់ខ្ពស់ និងជាតំណាងក្រុមហ៊ុនទេសចរណ៍ Nanjing Tuniu International Travel Service Co., Ltd. (Tuniu) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបពិភាក្សានេះ បានផ្ដោតលើការផ្លាស់ប្តូរយោបល់ តាមរយៈកិច្ចសហការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ដ៏សំបូរបែបទៅកាន់ភ្ញៀវទេសចរចិន និងអន្តរជាតិឲ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ងៀវទេសចរចិន និងអន្តរជាតិមកទស្សនាកម្ពុជា។
ឯកឧត្តម ហួត ហាក់ បានថ្លែងអំណរគុណ និងកោតសរសើ ព្រមទាំងវាយតម្លៃខ្ពស់ ដល់គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន និងកិច្ចខិតខំប្រឹងប្រែងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែបឱ្យបានស៊ីជម្រៅ និងទូលំទូលាយដល់ប្រជាជនចិន និងពិភពលោក ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តម ហួត ហាត់ បានអបអរសាទចំពោះការចុះកិច្ចព្រមព្រៀងស្តីពី ភាពដៃគូយុទ្ធសាស្រ្តជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ (CTB) ដែលជាកម្លាំងចលករសម្រាប់ឆ្នាំទេសចរណ៍កម្ពុជា-ចិន និងឈានដល់ការពិភាក្សាបង្កើតកញ្ចប់ទេសចរណ៍ ខ្សែផ្លូវទេសចរណ៍ ការអភិវឌ្ឍទេសចរបែបស៊ីជម្រៅ ដំណើរសិក្សាជាលក្ខណៈគ្រួសារ និងដំណើរកម្សាន្តក្រេបទឹកឃ្មុំ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានស្នើលោកអគ្គនាយករង រៀបចំ Famtrip ដើម្បីពិនិត្យស្ថានភាពនយោបាយ និងសង្គមជាក់ស្តែងរបស់ប្រទេសកម្ពុជា និងកាលានុវត្តភាពវិនិយោគ និងទេសចរណ៍របស់កម្ពុជាផងដែរ៕