ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទ្ធជិតឆ្ងាយ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តបទុមរតនារាម (វត្តមេមត់) ស្ថិតនៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ពិធីកាន់បិណ្ឌវេនទី៦ ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរៀបចំពិធីសូត្រមន្ត ជាមួយគ្នានោះដែរ លោក ប៉ែន កុសល្យ និងអ្នកចូលរួមទាំងអស់បានអុចទៀន ធូប ថ្វាយគ្រឿងសក្ការៈបូជាព្រះ រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និងញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ។
ជាមួយគ្នានោះ ក៏បានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសវីរកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី ពីចោរសៀមឈ្លានពាន។
ក្រោយចប់កម្មវិធីតាមបែបសាសនា ឯកឧត្តម ប៉ែន កុសល្យ និងលោកជំទាវ ឡេង សុខា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត ក៏បានវេរប្រគេននូវទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ-បរិភោគ និងបច្ច័យដល់ចៅអធិការវត្ត ដើមី្បបន្តកសាងសមិទ្ធផលនានា នៅក្នុងទីអារាមមួយនេះបន្ថែមទៀត៕