ពលរដ្ឋងាយរងគ្រោះបំផុត ១៥២គ្រួសារ នៅស្រុកសំឡូត ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង


នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឆ្លើយតបតាមសំណើររបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំឡូត សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បាននាំអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៥២គ្រួសារ ជាជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងបងប្អូនពលកដែលមានជីវភាពខ្វះខាតមកពីឃុំទាំង៧ នៅក្នុងស្រុកសំឡូត។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខលូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបានដោយមានចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខាអនុសាខាស្រុកសប្បុរសជន អ្នកស្ម័គ្រចិត្ត និងយុវជន។ ពិធីនេះប្រារព្ធធ្វើនៅបរិវេណទីផ្សារសំឡូត ភូមិអូរទន្ទឹម ឃុំតាសាញ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងឡើងសម្ពាធឈាមជាដើម។

ជាមួយគ្នានេះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន។

ទន្ទឹមនោះឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ សូមស្វែងយល់បន្ថែមពីភាពរឹងមាំ នៃលំនៅឋាន ដើម្បីបង្ការ និងការពារហានិភ័យ ដែលបង្កដោយគ្រោះធម្មជាតិព្រោះថា ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។

ឯកឧត្តមបានក្រើងរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយត្ន័អោយបានខ្ពស់ចំពោះគ្រោះអគ្គិភ័យផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរ។

ជាមួយគ្នានេះ ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា , ឯកឧត្តម សុខ លូ ក៏បានអំពាវនាវចំពោះសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ដោយការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលជាក់ស្តែង។

ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះគ្រប់រូបទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន អ្នកជិតខាង និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ពួកគាត់ក្នុងស្ថានភាពលំបាកបែបនេះ។

អំណោយដែលផ្តល់ជូនគ្រួសារនីមួយៗទទួលបានអង្ករ ២៥គីឡូក្រាម, មីជាតិ១កេស, ទឹកបរិសុទ្ធ១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៉ីវ ១យួរ និងថវិកា២ម៉ឺនរៀល ជាអំណោយរបស់អនុសាខាស្រុកសំឡូត ផងដែរ៕